មេស៉ីម៉ាក់កម្ពុជាថា កម្លាំងស៉ីម៉ាក់កំពុងមមាញឹក បោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃ ដើម្បីរំដោះដីរបស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កងកម្លាំង CMAC កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ដែលយោធាថៃបាញ់ផ្លោងចូលទឹកដីកម្ពុជា ដើម្បី រំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសារ របស់ប្រជាពលរដ្ឋ ដូចជាចម្ការដំឡូង ដែលត្រូវប្រមូលផលជាដើម។
លោក ហេង រតនា បន្ថែមថា ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធ័ស៉ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ។
លោកបន្ថែមថា កម្លាំងជំនាញរបស់លោក និងភាគីពាក់ព័ន្ធកំពុងរួមគ្នាបង្ការគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកិច្ចសង្គម ឱ្យបានឆាប់បំផុត ជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល៕
