លោក ដូណាល់ ត្រាំ បញ្ចេញផែនការឱ្យកងកម្លាំងអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកមានកិច្ចពិភាក្សាប្រកបដោយ ភាពវិជ្ជមានជាមួយអ៉ីរ៉ង់ ខណៈរូបលោកបានបញ្ចេញផែនការមួយសម្រាប់កងកម្លាំងអាមេរិកអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

តាមលោក ត្រាំ ប្រតិបត្តិការអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានឈ្មោះថា Project Freedom នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាកាយវិការមនុស្សធម៌មួយចំពោះក្រុមនាវិកស្ថិតនៅលើកប៉ាល់រងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងអាចកំពុងប្រឈមនឹងការខ្វះខាតស្បៀង រួមទាំងសម្ភារៈផ្គត់ផ្គង់ ចាំបាច់ផ្សេងទៀត។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងប្រឹងប្រែងដើម្បីជួយកប៉ាល់ និងនាវិក របស់ពួកគេចាកចេញពីច្រកសមុទ្រ (Hormuz) ដោយសុវត្ថិភាព។ ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញនោះទេ រហូតទាល់តែតំបន់មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរ។

គួរបញ្ជាក់ថា ក្រោយការប្រកាសខាងលើរបស់លោក ត្រាំ តម្លៃប្រេងបានធ្លាក់ចុះ១ដុល្លារ ដោយប្រេងឆៅប្រភេទ Brent មានតម្លៃ ១០៦,៣៤ដុល្លារ ក្នុងមួយបារែល។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានព្រមានប្រឆាំងនឹងការប៉ុនប៉នជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រ​ Hormuz ហើយថាការជ្រៀតជ្រែកបែបនេះនឹង ត្រូវបានចាត់ទុកជាទង្វើបំពានបទឈប់បាញ់៕

អត្ថបទដែលជាប់ទាក់ទង