រុស្ស៉ីអះអាងថា យន្តហោះដ្រូនជិត៣៥០គ្រឿងក្នុងការវាយប្រហាររបស់អ៊ុយក្រែន ត្រូវបានបាញ់កម្ទេច

(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា កងកម្លាំងរបស់ខ្លួនបានកម្ទេចដ្រូនជិត ៣៥០គ្រឿងដែលអ៊ុយក្រែនបានបាញ់មក កាលពីវេលាយប់កន្លងទៅនេះ ពោលគឺត្រឹមប៉ុន្មានថ្ងៃ មុនពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ និងចំពោះមុខការអំពាវនាវប្រជែងគ្នារវាងភាគីទាំងពីរ ដើម្បីស្វែងរកបទឈប់បាញ់បណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ៊ុយក្រែនបានប្រកាសបទឈប់បាញ់ឯកតោភាគី សម្រាប់ថ្ងៃទី៦ ខែឧសភា ជាសំណើដែលយោធារុស្ស៉ីមិនបានអើពើ ដ្បិតនៅតែបន្ត​មានការវាយប្រហារលើអ៊ុយក្រែនទាំងយប់ទាំងថ្ងៃ។ ទីក្រុងកៀវបានដាក់ចេញសំណើខាងលើ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានអំពាវនាវចង់បានបទឈប់បាញ់ សម្រាប់ថ្ងៃទី៩ ខែឧសភា ជាពេលដែលរុស្ស៉ីត្រូវប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ ហើយរៀបចំពិធីព្យុហយាត្រាយោធា នៅទីលានក្រហមក្នុងរដ្ឋធានីមូស្គូ។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ដ្រូនអ៊ុយក្រែនប្រមាណ៣៤៧គ្រឿង ត្រូវបានបាញ់កម្ទេចកាលពីចន្លោះម៉ោង១៨៖០០ GMT ថ្ងៃពុធ ដល់ម៉ោង០៤៖០០ GMT ថ្ងៃព្រហស្បតិ៍។ អាជ្ញាធររុស្ស៉ីបានអះអាងថា ស្រ្តីម្នាក់ត្រូវបានសម្លាប់ នៅតំបន់ Belgorod និង១៣នាក់បានរងរបួស នៅតំបន់ Bryansk ដែលសុទ្ធតែជាតំបន់នៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃពុធ ទីក្រុងមូស្គូបានព្រមានថា នឹងវាយប្រហារសងសឹកក្នុងទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវ ប្រសិនបើអ៊ុយក្រែន ហ៊ានវាយប្រហារអំឡុងព្រឹត្តិការណ៍ទិវាជ័យជម្នះរបស់ខ្លួន។ រុស្ស៉ីថែមទាំងបានជូនដំណឹងទៅកាន់​បណ្តាស្ថានទូតបរទេសនៅអ៊ុយក្រែនទៀតផង ដោយទទូចឱ្យពួកគេជម្លៀសបុគ្គលិក៕

អត្ថបទដែលជាប់ទាក់ទង