មន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់ប្រហារបណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកកណ្ដាលស្ទឹង, គ្រួសារអំពាវនាវសមត្ថកិច្ចស្រាវជ្រាវរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់

(កណ្ដាល)៖ មន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណកាប់ប្រហារបណ្ដាលឲ្យដាច់ដៃរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ មុខវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សុខ លីហេង អាយុ១៩ឆ្នាំ មុខរបរមន្ដ្រីរដ្ឋាករទឹកក្រុងភ្នំពេញមានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គ្រួសារសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីបំពេញភារកិច្ចរួចជនរងគ្រោះក៏បានណាត់គ្នាជាមួយក្រុមការងារហូបអី ខណៈកំពុងអង្គុយចាំមេនៅកន្លែងកើតហេតុ ស្រាប់តែមានជនដៃដល់គ្នា២នាក់ មិនដែលស្គាល់គ្នាសោះ ជិះមកកាប់ជនរងគ្រោះតែម្តងបណ្តាលឲ្យដាច់ដៃម្ខាង។

ក្រោយធ្វើសកម្មភាពភាពរួចជនដៃដល់ និងបក្ខពួកបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយតាំងពីថ្ងៃកើតហេតុ មកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវចាប់ខ្លួនបានក្រុមជនដៃដល់នៅឡើយទេ។

សាច់ញាតិជនរងគ្រោះទទូចស្នើរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ និងតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង