សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាអ្នកម្ដាយ «អ្នកម្ដាយ ជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន»
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាអ្នកម្ដាយ «អ្នកម្ដាយ ជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន»។
ទិវាអ្នកម្ដាយ គឺជាទិវាជាតិដ៏សំខាន់មួយ ដែលត្រូវបានប្រារព្ធឡើងដើម្បីរំលឹក និងដឹងគុណចំពោះគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល របស់មាតាគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្តចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា ដោយគ្មានការនឿយហត់។
ទិវានេះមានដើមកំណើតនៅសហរដ្ឋអាមេរិក ហើយត្រូវបានប្រកាសជាផ្លូវការនៅឆ្នាំ១៩១៤ ដោយប្រធានាធិបតី Woodrow Wilson ឲ្យប្រារព្ធនៅថ្ងៃអាទិត្យទី២ ក្នុងខែឧសភា។
នៅកម្ពុជា ទិវាអ្នកម្ដាយត្រូវបានទទួលស្គាល់ និងអបអរសាទរយ៉ាងទូលំទូលាយ ដោយមានព្រះមហាក្សត្រប្រទានព្រះរាជសារ ដើម្បីរំលឹកគុណម្ដាយជារៀងរាល់ឆ្នាំ ហើយក៏មានការរៀបចំព្រឹត្តិការណ៍ពិសេសៗជាច្រើននៅតាមផ្សារទំនើប និងពីក្រុមហ៊ុននានា ដើម្បីលើកកម្ពស់វប្បធម៌នៃការដឹងគុណចំពោះមាតា៕