កម្ពុជា និងលីទុយអានី បង្កើនសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប

កម្ពុជា និងលីទុយអានី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប បន្ថែមពីលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ការឯកភាពនេះបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទាំងពីរ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគី នៅរដ្ឋធានីវីលនីញូស។

កិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលដឹកនាំដោយលោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Vidmantas Verbickas អនុរដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សហប្រធានទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដោយបានអះអាងជាថ្មីនូវការគាំទ្រចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ។

សហប្រធានទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃដំណោះស្រាយប្រកបដោយសន្តិវិធី និងតាមផ្លូវការទូត។

ក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរ ក៏រំលឹកពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោករដ្ឋមន្រ្តីការបរទេសលីទុយអានីនៅកម្ពុជា ដោយបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនេះ ថា ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ឌីជីថលលូបនីយកម្ម និងថាមពលបៃតង និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ជាការកត់សម្គាល់ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវីលនីញូស គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនផលិតឧបករណ៍វាស់ទឹកឆ្លាតវៃ (Axioma) និងបានស្តាប់ការធ្វើបទបង្ហាញស្តីពីសន្តិសុខសាយប័រ អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាដោះមីនផងដែរ។

គួរជម្រាបថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងលីទុយអានី ជាទំនាក់ទំនងមួយ ដែលបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៩៣ កើតឡើងបន្ទាប់ពីលីទុយអានីទទួលបានឯករាជ្យពីសហភាពសូវៀត ខណៈដែលកម្ពុជាកំពុងកសាងស្ថេរភាពនយោបាយ ក្រោយសង្គ្រាមស៊ីវិលផ្ទៃក្នុង។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មិនទាន់មានការទូលំទូលាយនៅឡើយ។

ក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក កេស្ទូទីស ប៊ូឌ្រីស (Kęstutis Budrys) រដ្ឋមន្ត្រីការបរទេសលីទុយអានី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្ដោតលើវិស័យគន្លឹះ រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល កសិកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង