ករណីចាប់ជំរិតក្មេងបណ្តាលឱ្យជនរងគ្រោះស្លាប់! ជនល្មើសត្រូវជាពូសាច់ថ្លៃ

ជនល្មើស ក្នុងករណីចាប់ជំរិតក្មេងបណ្តាលឱ្យជនរងគ្រោះស្លាប់ នៅឃុំព្រែកអំបិល ស្រុកកោះធំ ត្រូវជាពូសាច់ថ្លៃ របស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

តាមប្រភពដដែល ជនសង្ស័យ មានវ័យ៣៥ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់នៅម៉ោងប្រមាណ ៨ និង៣០នាទី យប់ថ្ងៃទី១០ ខែឧសភា ​នៅផ្ទះរបស់ជនល្មើលតែម្តង ​ដែលស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំពិល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព តែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ដូច្នេះ មុននឹងបញ្ជាក់មូលហេតុនៃការចាប់ជំរិត ដូច្នេះ៖« ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិ ន​បាន។»។

យ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនបញ្ជាក់​មូលហេតុ​ដែលបណ្ដាល ឱ្យក្មេ​ង​ស្រីរងគ្រោះស្លាប់នោះទេ។​

សូមជម្រាបថា ក្មេងស្រីរងគ្រោះ អាយ៥ឆ្នាំ ត្រូវបានជនសង្ស័យចាប់ខ្លួន និងបានផ្ញើសារ ជំរិតទារប្រាក់ ១ម៉ឺនដុល្លារ ពីឪពុកម្ដាយរបស់ជនរងគ្រោះ នៅម៉ោងប្រមាណ ១១ និង៤០នាទីព្រឹកថ្ងៃទី ទី១០ឧសភា។

​ជនសង្ស័យ បាន​ទុកពេល១ម៉ោងប៉ុណ្ណោះ ឱ្យឪពុកម្ដាយជនរងគ្រោះរកប្រាក់គ្រប់ចំនួន ឱ្យខ្លួន និងគំរាម ​ទៅឪពុកម្ដាយជនរងគ្រោះ ​មិនឱ្យប្ដឹងប៉ូលិស និងអ្នកជិតខាងនោះទេ។ នៅក្នុងសារគំរាមទារប្រាក់នោះដែរ ជនសង្ស័យសង្កត់ធ្ងន់ថា ក្នុងករណីយឺតយ៉ាវមិនផ្ញើលុយឱ្យទេនោះ នឹងទទួលបានត្រឹមសពក្មេងប៉ុណ្ណោះ។

ចំពោះក្មេងស្រីជនរងគ្រោះ មានវ័យ៥ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ ឪពុកម្តាយជនរងគ្រោះ តែងនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលនៅទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ។ ដូច្នេះទើបជនសង្ស័យ មានឱកាសធ្វើសកម្មភាពចាប់ជំរិត ជនរងគ្រោះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង