សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បន្ដចាត់តំណាងចូលរួមរំលែកទុក្ខដល់គ្រួសារសព និងសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង និងកំពង់ឆ្នាំង

(ស្វាយរៀង-កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់ក្រុមការងារចំនួន២ក្រុម ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារកម្មករ-កម្មការិនីរងគ្រោះចរាចរណ៍ដ៏រន្ធត់ចំនួន២ករណី កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។

ដោយនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមទី១ដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសាខាកាកបាទក្រហមខេត្តព្រៃវែង និងស្វាយរៀង បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារចំនួន៣ (៥សព) និងសួរសុខទុក្ខកម្មករ-កម្មការិនីរងបួស ៦នាក់ នៅក្នុងខេត្តព្រែវែង និងចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួស ៣៣នាក់ (របួសធ្ងន់៨នាក់) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្រុមទី២ដឹកនាំដោយលោក ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្ស និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួសស្រាលចំនួន៣៧នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច១៤នាក់ និងគ្លីនិកឯកជន ២៣នាក់។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ក្រុមការងារអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារកម្មករ-កម្មការិនីចំនួន ៨គ្រួសារ (៩សព) នៅខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមបុណ្យសពដល់គ្រួសារនីមួយៗនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៤លានរៀល និងអ្នករងបួសធ្ងន់ទទួលថវិកា ២លានរៀល និងរងរបួសស្រាលទទួលថវិកា ១លានរៀល។ ដោយឡែក គ្រួសាររងគ្រោះទាំងអស់ ក៏ទទួលថវិកាឧបត្ថម្ភពីសាខាកាកបាទក្រហមខេត្ត និងរដ្ឋបាលខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង