ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។

ពិធីនេះបានប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនប្រទេសផងដែរ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ The Olave Baden-Powell Society នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

* ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការយាង និងអញ្ជើញចូលរួមរបស់ ព្រះមហាក្សត្រី Azizah ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីពិភពលោក WAGGGS, សហគមន៍ OB-PS, គណៈប្រតិភូ និងភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មកពីបណ្តាប្រទេសជាង១១១ នៅលើពិភពលោក។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមានកិត្តិយសបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា, ពីស្ថានភាពពិតរបស់កម្ពុជា ដែលសម្ដេចជឿជាក់ថា មិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងធ្លាប់បានលឺ និងធ្លាប់បានអាន តាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការអញ្ជើញមកទស្សនាផ្ទាល់ មិត្តរបស់យើងពិតជាអាចជ្រួតជ្រាបពីសុខសន្តិភាព, ស្ថិរភាព, សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់។ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ។ ដោយសារសន្តិភាពនេះហើយទើបកម្ពុជា អាចកសាងហេដ្ឋារចនាសម្ព័ន្ធ, បង្កើនឱកាសសិក្សា, បង្កើតឱកាសការងារ, លើកកម្ពស់សុខុមាលភាពសង្គម និង បើកទ្វារទទួលមិត្តអន្តរជាតិ មកចែករំលែកចំណេះដឹង, បទពិសោធន៍ និង មិត្តភាព ជាមួយប្រជាជនកម្ពុជា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសន្និសីទពិភពលោក WAGGGS និងកិច្ចប្រជុំ OB-PS នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជាហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយចលនាសកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ, សេវាសង្គម, ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទនៃសន្និសីទនេះ គឺ «We See, We Care, We Act» ដែលយើងអាចយល់ជា ភាសាខ្មែរថា «យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព»។ ប្រធានបទនេះ ខ្លីប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅ ដូចអ្វីដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឬទ្ធិនារីកម្ពុជា បានពន្យល់រួចមកហើយ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់វិស័យអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល»។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច, អប់រំ, សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិធ្វើការសម្រេចចិត្តលើផែនការគ្រួសារ, ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

* រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ, សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ ហើយបើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០,៤៤៧នាក់ ក្នុងនោះស្ត្រី មានចំនួន៩៩០នាក់។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស, ការអប់រំ, ការលើកកម្ពស់សុខភាព, សុខុមាលភាពសង្គម, ការបង្កើតឱកាស និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការអភិវឌ្ឍជាតិ។ យើងជឿជាក់ថា ក្មេងស្រីម្នាក់ដែលទទួលបានការអប់រំល្អ, មានសុវត្ថិភាព, មានទំនុកចិត្តលើខ្លួនឯង និងមានឱកាសចូលរួមក្នុងសង្គម មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចជួយផ្លាស់ប្ដូរគ្រួសាររបស់គាត់, សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ ផងដែរ

* ក្នុងបរិបទនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាកាយឫទ្ធិនារីមានតួនាទីសំខាន់ណាស់ ។ កាយឫទ្ធិនារី មិនត្រឹមតែជាកម្មវិធីបង្ហាញពីសកម្មភាពរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបណ្តុះបណ្តាលវិន័យ, ភាពជាអ្នកដឹកនាំ, ស្មារតីចូលរួមស្ម័គ្រចិត្ត, ការធ្វើការងារជាក្រុម, ផ្នត់គំនិតនៃការទទួលខុសត្រូវ, មានសេចក្តីក្លាហាន និង សេចក្តីមេត្តាក្នុងការបម្រើសង្គម។ ចលនានេះ ក៏បានបង្ហាញថា ភាពជាអ្នកដឹកនាំអាចចាប់ផ្តើមពីសកម្មភាពតូចៗ មានដូចការជួយមិត្តភក្តិ, ការគោរពវិន័យ, ការបម្រើសហគមន៍, ការការពារបរិស្ថាន, ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខដុមរមនា ក្នុងសហគមន៍ សកម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងធ្វើបន្តបន្ទាប់ អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់សង្គមទាំងមូល។ ពីក្មេងស្រីដែលចូលរួមបម្រើសង្គម រហូតដល់ស្ត្រីដែលឈានមុខក្នុងភាពជាអ្នកដឹកនាំ, ការលើកកម្ពស់ស្រ្តី ជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា សូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារៈសំខាន់ថា «ក្មេងស្រី និង យុវនារី មិនមែនជាអ្នកអង្គុយរង់ចាំអនាគតទេ» ហើយយើងក៏ចង់បញ្ជាក់ផងដែរថា «ក្មេងស្រី និង យុវនារី គឺជាអ្នកចូលរួមសាងអនាគត ចាប់ពីថ្ងៃនេះតទៅ»។

* ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ដែលបានបន្តបេសកកម្មដ៏មានតម្លៃ ក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្តបម្រើសង្គម។ សម្ដេចក៏សូមកោតសរសើរចំពោះសហគមន៍ The Olave Baden-Powell Society ដែលបានប្រមូលផ្តុំមិត្តភក្ដិ, អ្នកគាំទ្រ, សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ដើម្បីរួមចំណែកគាំទ្រចលនាដ៏មានអត្ថន័យនេះ៊

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការគាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា, ការបណ្ដុះបណ្ដាល, ការបម្រើសង្គម និងការភ្ជាប់ខ្លួនជាមួយនឹងចលនាអន្តរជាតិ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន, អាជ្ញាធរខេត្តសៀមរាប, ក្រុមការងាររៀបចំ, ពិធីការ, សន្តិសុខ, សុខាភិបាល, អ្នកស្ម័គ្រចិត្ត, យុវនារី កាយឫទ្ធិនារី និងបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ ឱ្យប្រព្រឹត្តទៅដោយរលូន, សុវត្ថិភាព, សេចក្ដីថ្លៃថ្នូរ និងបដិសណ្ឋារកិច្ចសមរម្យ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ក្នុងរយៈពេលស្នាក់នៅកម្ពុជា ក្រៅពីកម្មវិធីផ្លូវការ គណៈប្រតិភូរបស់យើងនឹងមានឱកាសស្គាល់កាន់តែច្បាស់អំពីវប្បធម៌ខ្មែរ, បេតិកភណ្ឌអង្គរ, សិល្បៈ, ប្រពៃណី, ម្ហូបអាហារបដិសណ្ឋារកិច្ច និងភាពកក់ក្តៅរបស់ប្រជាជនខ្មែរ។ សម្ដេចក៏សូមលើកទឹកចិត្តមិត្តភក្តិអន្តរជាតិទាំងអស់ បង្កើនការផ្សាភ្ជាប់មិត្តភាពថ្មីៗ កិច្ចសហការថ្មីៗ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការនាំយកនូវបទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗ ពីកម្ពុជាត្រឡប់ទៅកាន់មាតុប្រទេសខ្លួនវិញ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមជូនពរឱ្យសន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society ប្រព្រឹត្តទៅដោយជោគជ័យ និងមានលទ្ធផលជាផ្លែផ្កា។ ជាមួយនឹងសេចក្តីសោមនស្សរីករាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកជាផ្លូវការ សន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង