មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ សន្យា​​ពង្រឹង​​សមត្ថភាព​យោ​ធា​ឱ្យ​​លឿន​ និង​ខ្លាំង​ជាង​មុន​

មេដឹក​នាំកូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​សន្យា​ថា ​​ខ្លួន​នឹង​ពន្លឿន​ការ​កសាង​សមត្ថ​ភាព​​យោធា​​បន្ថែម​ទៀត​ ក្នុងកិច្ចប្រជុំគណបក្ស​មួយ ដោយ​លើក​ឡើង​ពី​​ការ​ធ្វើទំនើបកម្ម​យោធា​ ដោយ​​យ​កលេស​​ជុំវិញ​ កូរ៉េ​ខាងត្បូង និងសហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​។ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ (KCNA) ដែល​បាន​ចេញ​​ផ្សាយ​​នៅថ្ងៃ​អង្គារ និង​​ដកស្រង់​​ផ្សាយ​បន្ត​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន AFP​​ របស់​បារំាង​ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ ។​

​កូរ៉េខាង​ជើង​​ ​កំពុង​ស្ថិត​​ក្រោមសម្ពាធ​ទណ្ឌកម្ម​ជា​ច្រើន​លើ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់ខ្លួន ហើយ​កូរ៉េ​ទាំងពីរ​នៅតែ​ស្ថិតក្នុង​ស្រមោល​នៃ​​សង្គ្រាម​​​ប្រជែង​អំណាច​​ឥទ្ធិពល​​​​រវាង​​​ប្លុក​កុម្មុយនិស្ត​ និង ប្លុក​សេរី​​ បើ​ទោះ​បី​ជា​​ជម្លោះឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បាន​បញ្ចប់​ដោយ​បទឈប់បាញ់​ជាជាង​សន្ធិសញ្ញា​សន្តិភាព​។

មេដឹក​នាំកូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន

ទីភ្នាក់​ងារ​សារព័ត៌មាន​កណ្តាលកូរ៉េ​ផ្លូវការ ដកស្រង់សម្តី​ ​លោក​ ជុងអ៊ុន​​ ក្នុង​សារមួយ​ផ្ញើ​ទៅកាន់សាធារណជន​ ​ថា​៖ « សមមិត្ត គីម ជុងអ៊ុន បាន​បញ្ជាក់​ជាថ្មី​អំពីជំហរ​គោលនយោបាយ​ដ៏រឹងមាំរបស់​គណបក្ស និងរដ្ឋ​របស់យើង ក្នុងការពង្រឹង​សមត្ថភាព​លើ​វិស័យ​ការពារជាតិឱ្យ​បានលឿន​ជាងមុន»។

សុន្ទរកថា​នេះ​បាន​ថ្លែងឡើង ខណៈ លោក គីម ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំពេញ​អង្គបក្សរយៈពេលបី​ថ្ងៃ ​បញ្ចប់នៅថ្ងៃចន្ទ អំឡុង​ពេល​នោះ មន្ត្រីជាន់ខ្ពស់​បានពិនិត្យ​ឡើងវិញនូវ​គំនិតផ្តួចផ្តើមគោល​នយោ​បាយ​ថ្មី​។​

លោក​ គីម និយាយថា៖ « សហរដ្ឋអាមេរិក និង​សាធារណរដ្ឋកូរ៉េ[ខាងត្បូង​]​ កំពុង​ជំរុញ​ទៅមុខជាមួយ​នឹង​ការកាន់កាប់​នាវាមុជទឹក​នុយក្លេអ៊ែររបស់​សាធារណ​រដ្ឋកូរ៉េ ខណៈពួក​គេ​កាន់​តែ​មិនលាក់បាំងក្នុង​ចលនាមួយ​​ឆ្ពោះទៅ​រកការ​ពង្រឹង និង​ធ្វើ​ទំនើបកម្មកងកម្លាំង​ប្រដាប់អាវុធ​នៅក្នុងតំបន់»។

លោក គីម បន្ថែម​ថា៖ « នៅ​ចំពោះ​មុខ​ការវិវត្ត​​បែបនេះ វាគឺជាជំហរ​រឹង​មាំរបស់​កូរ៉េខាងជើង​ក្នុងការពន្លឿនកិច្ចខិត​ខំប្រឹងប្រែង ​ដើម្បី​ពង្រីក​ និង​ពង្រឹងបន្ថែមទៀត​នូវ​ប្រព័ន្ធ​រារាំង​ដ៏មាន​ឥទ្ធិពល និង​អាច​ទុកចិត្តបានទាំងស្រុង​សម្រាប់ការពារខ្លួន»។

ស្តី​ពី​ឃ្លាំង​អាវុធនុយក្លេអ៊ែរ សារព័ត៌មាន KCNA រាយ​ការណ៍​​ថា៖ « កិច្ច​ប្រជុំ​ពេញអង្គ​បានទទួល​ស្គាល់​ជា​ឯកច្ឆន្ទ ថា ឋានៈនុយក្លេអ៊ែររបស់​ខ្លួនគឺ​ជាមធ្យោបាយ​ត្រឹមត្រូវ និងប្លែក​បំផុត ដើម្បីទប់ទល់​នឹងស្ថាន​ភាពយោធា និងនយោបាយ​អន្តរជាតិ ដែល​មិនអាចទាយ​ទុក​ជា​មុន​បាន​»។

គួរ​បញ្ជាក់​ថា ទីក្រុងព្យុង​យ៉ាង​បានប្រកាសម្តង​ហើយម្តងទៀត​ថាខ្លួនជា​រដ្ឋនុយក្លេអ៊ែរ «ដែល​មិន​អាច​ត្រឡប់​វិញបាន​ទេ» ចាប់តាំង​ពីកិច្ចប្រជុំកំពូល​ឆ្នាំ ២០១៩ រវាង​ លោក គីម និង លោក ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ​បាន​ដួលរលំ​ ដោយសារវិសាលភាព​នៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម​៕

អត្ថបទដែលជាប់ទាក់ទង