ប្រតិភូច្រើនប្រទេស នាំគ្នាដើរចេញពីសាល UN ពេលលោក Netanyahu ឡើងថ្លែង
គ្រាន់តែលោក Benjamin Netanyahu ឡើងដល់វេទិកា ដើម្បីចាប់ថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ភ្លាម ស្រាប់តែប្រតិភូ ច្រើនប្រទេស នាំគ្នាដើរចេញពីសាលតែម្តង ដើម្បីជាការប្រឆាំង និងខឹងសម្បា ក៏ដូចជាបង្ហាញពីការរិះគន់ជាអន្តរជាតិ ទៅនឹងសកម្មភាពរបស់យោធាអ៊ីស្រាអែល ជាពិសេសអំពើឃោរឃៅនាយករដ្ឋមន្ត្រីរូបនេះ នៅតំបន់ហ្គាហ្សា តែម្តង។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អ្នកការទូត ដែលមួយចំនួនធំមកពីប្រទេសនៅតំបន់អារ៉ាប់ នាំគ្នាងើបចេញ ធ្វើឱ្យផ្នែកខ្លះនៃសាល បន្សល់ទុកត្រឹមកៅអីទទេ និងមានសភាពស្ងប់ស្ងាត់ ប៉ុន្តែគេឃើញថា ក៏មានប្រតិភូខ្លះនៅអង្គុយស្តាប់លោក Netanyahu ដែរ ក្នុងនោះមានទាំងអ្នកការទូតសហរដ្ឋអាមេរិក ទៀតផង។
សកម្មភាពនេះ ធ្វើឱ្យ Netanyahu ក្តៅចិត្ត ប៉ុន្តែលោកមិនបកក្រោយឡើយ ដោយប្តេជ្ញាថា នឹងបន្តប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះ ព្រោះតែគ្មានជម្រើសផ្សេង ក្រៅពីនេះ។

លោកបានប្រតិកម្មតបទៅអ្នកដើរចេញថា៖ «ប្រសិនបើនៅមានជនអសីលធម៌ រូបណាទៀត ដែលមិនទាន់បានដើរចេញពីសាលប្រជុំនេះ សូមអញ្ជើញដើរចេញឥឡូវនេះតែម្តងទៅ»។
សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយ ដែលប្រតិភូនាំគ្នាដើរចេញពីសាល ដើម្បីបង្ហាញការប្រឆាំងទៅអ៊ីស្រាអែល។

ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទិដ្ឋភាពដូចគ្នានេះ ក៏កើតឡើងផងដែរ ដោយប្រតិភូច្រើននាក់ នាំគ្នាដើរចេញពីសាល ពេលលោក Netanyahu ហៀបនឹងថ្លែង ដើម្បីប្រឆាំងនឹងសង្គ្រាមបង្ហូរឈាមនៅ ហ្គាហ្សា។
យោងតាមទិន្នន័យពីអាជ្ញាធរប៉ាឡេស្ទីន គិតត្រឹមខែកញ្ញានេះ ចំនួនមនុស្សស្លាប់នៅហ្គាហ្សា ក្នុងសង្គ្រាមរយៈពេលជិត ៣ឆ្នាំ មានយ៉ាងតិច ៧៣ ៩២៨ នាក់ ខណៈក្នុងចំណោមនោះ ភាគច្រើនលើសលប់ (ប្រហែល ៧០%) គឺជាស្ត្រី និងកុមារ៕

