តំណាងអយ្យការ សម្រេចចោទប្រកាន់ លោក K01 ពីបទហិង្សាដោយចេតនា
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ នេះថា ករណីជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅ K01 ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៦ លានរៀល។

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលជំនាញ សម្រេចឃាត់ខ្លួនបុគ្គល K01 អនុវត្តទៅតាមផ្លូវច្បាប់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេស ប៊ុក កាលពីពេលថ្មីៗ នេះ។

ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែ ដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ការប្រព្រឹត្តហិង្សាមិនអាចរលត់ទៅវិញបានតាមរយៈការចេញវីដេអូសុំទោសជាសាធារណៈនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបែបណាបន្ត គឺទុកជូនស្ថាប័នអយ្យការ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយពីបានឃើញឃ្លីបវីដេអូបង្ហោះចែកចាយអំពីការប្រើប្រាស់ហិង្សារបស់បុគ្គល K01 ទៅលើយុវជនម្នាក់ រួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានចេញបញ្ជាភ្លាមទៅកាន់ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យចាត់វិធានការបន្ទាន់ បើទោះបីគ្មានបណ្តឹងរបស់ជនរងគ្រោះ ក៏នគរបាលត្រូវដើរតួនាទីជាដើមបណ្តឹងដែរ៕