សិង្ហបុរី ចាយជាង២២លានដុល្លារ បញ្ជាទិញមីស៊ីល និងគ្រាប់ពីអាមេរិក
ប្រទេសសិង្ហបុរីនៅតំបន់អាស៊ីអាគ្នេយ៍ បានអះអាងថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលមីស៊ីល Hellfire បន្ថែម បន្ទាប់ពីសហរដ្ឋអាមេរិកគាំទ្រកញ្ចប់ស្នើឡើង ក្នុងតម្លៃ ២២.៣លានដុល្លារអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារ ថា ខ្លួនបានអនុម័តការលក់មីស៊ីល AGM-114R Hellfire ចំនួន ២៤ដើមបន្ថែមទៅឱ្យប្រទេសសិង្ហបុរី រួមជាមួយនឹងសេវាកម្មគាំទ្រ និងឧបករណ៍ពាក់ព័ន្ធ ក្នុងកញ្ចប់មានគ្រាប់សរុបចំនួន ៦៧។

សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ថា មីស៊ីល Hellfire គឺជាប្រភេទអាវុធបាញ់ពីលើអាកាសទៅដីក្នុងភាពជាក់លាក់ខ្ពស់ ផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។
ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បាននិយាយថា ការទិញអាវុធនេះនឹងគាំទ្រដល់តម្រូវការបណ្តុះបណ្តាល និងប្រតិបត្តិការរបស់កងទ័ពអាកាសសាធារណរដ្ឋសិង្ហបុរី(RSAF)។
មិនត្រឹមតែប៉ុណ្ណោះ ឧទ្ធម្ភាគចក្រវាយប្រហារ AH-64D Apache Longbow របស់កងទ័ពអាកាសសិង្ហបុរី(RSAF) គឺបំពាក់ដោយមីស៊ីល Hellfire ។
ក្រសួងឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA ថា៖ « ក្រសួងការពារជាតិសិង្ហបុរីមានទស្សនៈយុទ្ធសាស្ត្ររយៈពេលវែងលើការទិញឧបករណ៍យោធាទាំងនោះ ដើម្បីធានាថា យើងធ្វើការសម្រេចចិត្តប្រកបដោយការប្រុងប្រយ័ត្ន និងចំណាយតិចបំផុតក្នុងការបំពេញតម្រូវការយោធារបស់យើង ជាពិសេសរក្សាការត្រៀមខ្លួនប្រតិបត្តិការ»។
យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក សិង្ហបុរីបានស្នើទិញមីស៊ីល បូករួមជាមួយសេវាកម្មគាំទ្រផ្នែកវិស្វកម្ម បច្ចេកទេស និងភស្តុភារ។
គួរបញ្ជាក់ថា ការអនុម័តចុងក្រោយនេះបន្ថែមទៅលើកញ្ចប់មុនដែលមានតម្លៃជិត ១២.៤លានដុល្លារអាមេរិក។ កញ្ចប់នេះរួមមានគ្រឿងបន្លាស់ ឧបករណ៍បាញ់បង្ហោះ សេវាថែទាំ និងជួសជុល ការគាំទ្រផ្នែកទន់ បច្ចេកទេសបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ក៏ដូចជាការគាំទ្រផ្នែកវិស្វកម្ម និងភស្តុភារ៕