ចិន ហាម​ជប៉ុន និងហ្វីលីពីន លួចជជែកគ្នារឿងព្រំដែនសមុទ្រ ដោយគ្មានវត្តមាន​ក្រុង​ប៉េកាំង

កាន់តែក្តៅគគុកទៀតហើយ នៅតំបន់សមុទ្រអាស៊ី! ប្រទេសចិន បានចេញលិខិតព្រមានផ្លូវច្បាប់យ៉ាង​ម៉ឺងម៉ាត់​ទៅកាន់ប្រទេសជប៉ុន និងហ្វីលីពីន ចំពោះគម្រោងដែលប្រទេសទាំងពីរត្រៀមជួបពិភាក្សាគ្នាពីរឿងព្រំដែនសមុទ្រ។

តាម​ការផ្សាយរបស់ Bloomberg ចុះ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦ ចិនបានសង្កត់ធ្ងន់ថា ការពិភាក្សាគ្នាដោយលួចលាក់ «គ្មានការប្រឹក្សាយោបល់ជាមួយចិន» បែបនេះ គឺជាទង្វើខុសច្បាប់អន្តរជាតិទាំងស្រុង។

ក្រសួងធនធានធម្មជាតិចិន បានពន្យល់ថា ដែនទឹកនៅភាគខាងកើតកោះតៃវ៉ាន់ ដែលជប៉ុននិងហ្វីលីពីនចង់យកទៅ​ជជែកគ្នានោះ គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ចិន ព្រោះកោះតៃវ៉ាន់គឺជាទឹកដីរបស់ចិន។ ដូច្នេះ ការដែលជប៉ុន និងហ្វីលីពីនណាត់ជួបគ្នាជជែករឿងនេះ គឺស្មើនឹងការមើលរំលងអធិបតេយ្យភាពរបស់ចិន និងរំលោភលើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ចិនក៏បានព្រមានដល់មហាអំណាចខាងក្រៅ (ដែលគេដឹងថាជាសហរដ្ឋអាមេរិក) កុំឱ្យមកលូកដៃ ឬទទួលស្គាល់ការចរចាខុសច្បាប់នេះឱ្យសោះ បើមិនចង់ជួបហានិភ័យនយោបាយ។

ដើម្បីបង្ហាញសាច់ដុំ បន្ទាប់ពីដឹងថាប្រទេសទាំងពីរត្រៀមចរចាគ្នា ចិនបានបញ្ជូនទាំងកប៉ាល់ឆ្មាំសមុទ្រឱ្យទៅបើកល្បាត និងបញ្ជូនកប៉ាល់ស្រាវជ្រាវឱ្យទៅវាស់ស្ទង់បាតសមុទ្រនៅតំបន់នោះភ្លាមៗ។ អ្វីដែលធ្វើឱ្យចិនខឹងសម្បារខ្លាំងនោះគឺ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មេដឹកនាំជប៉ុន និងហ្វីលីពីន បានបង្ហាញជំហរយ៉ាងច្បាស់ថា បើមានសង្គ្រាមផ្ទុះឡើងនៅកោះតៃវ៉ាន់ ប្រទេសទាំងពីរមុខជាត្រូវទាញឱ្យចូលរួមក្នុងជម្លោះនោះមិនខាន ហើយពួកគេថែមទាំងបានចាប់ដៃគ្នាពង្រឹងកម្លាំងយោធា និងបើកកិច្ចពិភាក្សាការពារជាតិជាមួយគ្នាយ៉ាងស្អិតរមួតទៀតផង៕

អត្ថបទដែលជាប់ទាក់ទង