សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា។ នេះបេីតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។
ក្នុងសាររំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ជាអ្នកនយោបាយដែលធ្លាប់បានប៉ះទង្គិចគ្នាលើការប្រកួតប្រជែងផ្នែកនយោបាយ ប៉ុន្តែក្រៅសង្វៀននយោបាយមានទំនាក់ទំនងមួយដែលគេបានកត់សម្គាល់ គឺលោក កឹម សុខា ធ្លាប់បានអញ្ជើញចូលរួមបុណ្យសពបងប្រុសរបស់សម្តេចតេជោ។ ការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ គឺជាវប្បធម៌មួយ ដែលនាំឱ្យមានការសរសើរពីប្រជាពលរដ្ឋ អ្នកនយោបាយ និងអង្គការសង្គមស៊ីវិលនានា។