ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល

(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ដែលមានទី​តាំង​ភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពា​ណិជ្ជ​កម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្ត​ព្រៃ​វែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹង​ខេត្ត​​តាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។

ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុមព័ទ្ធជុំវិញរាជ​ធានី​ភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយ​កម្ម​សំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ខេត្ត​កណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង១ ០១០​ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣​នាក់, ស្រីចំនួន ៧៤១ ៧៩៣នាក់) ស្មើនឹង ៣២៦ ៦៧០គ្រួសារ មាន​ដង់​ស៊ីតេប្រជាជនមានចំនួន ៤៣៨នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា។

ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិ​ភាព​មួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីពេល​ដឹក​​នាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់សម្តេចមហាប​វរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។

ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាបញ្ហាស្មុគ​ស្មាញ​មួយ ហើយបានបង្កើតនូវអារម្មណ៍ថ្នាំងថ្នាក់ច្រើនសម្រាប់ប្រជា​ពល​រដ្ឋ។ នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត និងមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រ​សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលដៅបញ្ចប់​ការ​វាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងឈានទៅចេញបណ្ណកម្មសិទ្ធិជូនប្រជា​ពល​រដ្ឋឱ្យចប់ជាស្ថាពរ។

ខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា បានជំរុញការ​វាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ លោក គួច ចំរើន អភិ​បាល​ខេត្តកណ្តាល បានឱ្យដឹងថា ស្រុកខ្សាច់កណ្តាលដែលរៀបចំពិធីប្រគល់​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃនេះ គឺជាស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល។

លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្ត​កណ្តាល បានចាប់​ផ្តើមពីឆ្នាំ២០០២ ហើយបច្ចុប្បន្នខេត្តបានរៀបចំក្រុម​ការ​ងារ​ចំនួន ១១ក្រុម ដែលមានសមាជិកសរុប ១ ១៨៧នាក់ ដើម្បីសម្រេច​កិច្ច​ការចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមអភិក្រម «ចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និង​បរិយាកាសគ្មានវិវាទ»។

លោក គួច ចំរើន បានឱ្យដឹងថា ខេត្តកណ្តាលដែលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ និង ១ ០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ ក្បាលដី។ គិតចាប់ពីពេលអនុវត្ត រហូតដល់ត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៦ គឺបានវាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យបាន ១០០ភាគរយ។

ក្នុងចំណោមក្បាលដីទាំងនោះ ចេញបណ្ណកម្មសិទ្ធិសរុប ៧៨៥ ៦៣៦បណ្ណ (ស្មើនឹង ៩០,៦៥%) ចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ៥២២ ៥៥៨បណ្ណ (ស្មើនឹង ៦៦,៥១%), បណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ (ស្មើនឹង ៣៣,៤៩ភាគរយ។ ក្នុងចំណោមបណ្ណនៅសល់នេះ មានបណ្ណ ១៣១ ៣៤៣បណ្ណ កំពុងបន្តចែក និងបណ្ណ ១៣១ ៧៣៥បណ្ណ ជាប់ពន្ធ៤ភាគរយ៕

 

អត្ថបទដែលជាប់ទាក់ទង