ក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ចុះ MoU ជំរុញការទូទាត់ e-Payment និងពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រវិស័យទេសចរណ៍

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ តំណាងដោយលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងដោយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ស្តីពី «ការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment)»

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ភាពងាយស្រួល និងទំនើបកម្មនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺជាផ្លែផ្កាបន្តពីជំនួបពិភាក្សាលើកទី១ រវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ និងជាជំហានថ្មីមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផល និងការរួមចំណែករបស់ធនាគារ អេស៊ីលីដា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងការចូលរួមគាំទ្រដល់វិស័យទេសចរណ៍កន្លងមក តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រ ព្រមទាំងកម្មវិធីទេសចរណ៍នានាផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មិនមែនជាទីបញ្ចប់នៃកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ ដើម្បីពង្រីកភាពជាដៃគូរវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ឱ្យកាន់តែទូលំទូលាយ ដោយប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលរបស់វិស័យឯកជន ចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពធន់ ភាពប្រកួតប្រជែង និងចីរភាព»

រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យធនាគារ អេស៊ីលីដា បន្តចូលរួមគាំទ្រព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និង «ភូមិហ្រ្វង់កូហ្វូនី» ដែលនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ ផលិតផលខ្មែរ និងអត្តសញ្ញាណជាតិទៅកាន់ភ្ញៀវអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង