មន្រ្តីបរិស្ថានខេត្តព្រះសីហនុ ចុះស្រាវជ្រាវករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ដោយរកឃើញប្រភពសង្ស័យ
(ព្រះសីហនុ)៖ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសហការជាមួយអាជ្ញាធរសង្កាត់លេខ១ និងលោកមេភូមិ៣ (ទំនប់រលក) កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យ និងស្រាវជ្រាវករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ។
ក្រុមការងារបានរកឃើញទីតាំងប្រភពបំពុលចំនួន០២ ដែលសង្ស័យថាបានបង្កឱ្យមានទឹកពណ៌ខ្មៅហូរចូលអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ។
ទីតាំងទាំងនោះរួមមាន ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD និងក្រុមហ៊ុន TNT VN ដែលជាប្រភេទរោងចក្រកិនកំទេចឈើអាកាស្យា ដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាសកាតុង និងក្រដាសអនាម័យ។ ក្រុមហ៊ុនទាំងពីរមានទីតាំងស្ថិតនៅក្រុម២ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមការពិនិត្យ ក្រុមហ៊ុនទាំងនេះពុំបានបង្ហូរទឹកកខ្វក់ចូលសមុទ្រដោយផ្ទាល់នោះទេ ប៉ុន្តែបានទុកដាក់សំណល់កំទេចឈើអាកាស្យាមិនត្រឹមត្រូវ ដោយគរនៅលើបរិវេណដីក្រុមហ៊ុនដោយគ្មានដំបូលគ្រប។ ហេតុនេះ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកភ្លៀងបានជ្រាបចូលប្រភពទឹកសាធារណៈ (អូរធម្មជាតិ) បណ្តាលឱ្យទឹកមានពណ៌ខ្មៅ។
ក្រុមការងារបានចាត់វិធានការឱ្យក្រុមហ៊ុនបញ្ឈប់ការហូរចេញនូវទឹកពណ៌ខ្មៅចូលប្រភពទឹកសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងទុកដាក់សំណល់កំទេចឈើអាកាស្យាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។ ក្រោយការចុះពិនិត្យផ្ទាល់ ក្រុមការងារបានយកសំណាកទឹកចំនួន០២ ទៅវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីកំណត់ពីកម្រិត និងប្រភេទនៃការបំពុល។
ការអនុវត្តវិធានការទាំងនេះ គឺដើម្បីធានាបាននូវបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍៕








