អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូន ចូលជ្រៅ ១ ០០០ គីឡូម៉ែត្រក្នុងដីរុស្ស៊ី សម្លាប់មនុស្ស ១២នាក់
ជាការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ចូលជ្រៅក្នុងទឹកដីប្រទេសរុស្ស៊ី, អ៊ុយក្រែន បានបង្ហោះដ្រូន ចូលទៅចម្ងាយរហូតដល់ ១ ០០០គីឡូម៉ែត្រ ក្នុងដីរុស្ស៊ី វាយប្រហារតំបន់ Tatarstan នៃទីក្រុង Nizhnekamsk សម្លាប់មនុស្ស ១២នាក់ ខណៈ ៣៩នាក់ទៀតរងរបួស។

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ដ្រូនទាំងនេះ បានកំណត់គោលដៅលើទីតាំងស៊ីវិល និងឧស្សាហកម្ម ហើយអភិបាលតំបន់ Tatarstan លោក Rustam Minnikhanov ក៏ប្រកាសកាន់ទុក្ខផងដែរ ចំពោះជនរងគ្រោះ ក្នុងការវាយប្រហារទ្រង់ទ្រាយធំនេះ។
ការវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី ម្តងហើយម្តងទៀតនេះ គឺកើតឡើងបន្ទាបពីអ៊ុយក្រែន ខិតខំអភិវឌ្ឍនិងបង្កើនសមត្ថភាព លើវិស័យដ្រូនឥតឈប់ឈរ និងថែមទាំងប្រកាសថា ត្រៀមផលិតដ្រូនឆ្លងទ្វីប អាចហោះគ្របដណ្តប់លើទឹកដីរុស្ស៊ីទាំងមូល ថែមទៀតផង។

ក្នុងបទសម្ភាសកាលពីដើមខែនេះ ជាមួយទូរទស្សន៍ Tech Radar ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន នឹងមានសមត្ថភាពហោះហើរបានចម្ងាយជាង ៤ពាន់គីឡូម៉ែត្រនៅក្នុងឆ្នាំ ២០២៦ នេះតែម្តង។
អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត មេដឹកនាំអ៊ុយក្រែន អះអាងថា នៅឆ្នាំ២០២៧ ដ្រូនរយៈចម្ងាយឆ្ងាយទាំងនេះ អាចនឹងហោះបានចន្លោះពី ៥ពាន់ ទៅ ១ម៉ឺនគីឡូម៉ែត្រឯណោះ។

ប្រសិនបើសមត្ថភាពនេះ លេចចេញជារូបរាងមែននោះ មានន័យថា ដ្រូនអ៊ុយក្រែន អាចហោះគ្របដណ្តប់លើទឹកដីប្រទេសរុស្ស៊ីទាំងមូល ឬអាចហោះពីទីក្រុងកៀវ ទៅដល់ទីក្រុង San Francisco នៃសហរដ្ឋអាមេរិកបានយ៉ាងងាយ។
ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំធេងនេះ អ៊ុយក្រែនកំពុងខិតខំពង្រីកការផលិតដ្រូនរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន ដោយមានគម្រោងបង្កើតរោងចក្រផលិតនៅផ្ទាល់លើទឹកដីអាមេរិកតែម្តង៕