សមយុទ្ធយោធារួមគ្នារវាង អាមេរិក និង កូរ៉េខាងត្បូង កាត់ខ្លីៗ តាមបង្គាប់លោក ត្រាំ
សមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានកាត់បន្ថយរយៈពេលពាក់កណ្តាល តាមការស្នើសុំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងធ្វើឲ្យសម្ព័ន្ធមិត្តនៅអាស៊ីបូព៌ាខកចិត្ត។ ការកាត់បន្ថយនេះ ត្រូវបានលើកឡើងតាមការថ្លែងរបស់ប្រមុខយោធាទីក្រុងសេអ៊ូលនៅថ្ងៃទី១៩ ខែសីហា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការកាត់បន្ថយទំហំនៃការធ្វើលំហាត់សមយុទ្ធនេះ ដោយលើកឡើងពីទំនាក់ទំនងទោទន់ទៅរកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។


បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង សមយុទ្ធយោធាប្រចាំឆ្នាំដែលមានឈ្មោះថា Ulchi Freedom Shield (UFS) ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទ និងត្រូវដំណើរការរយៈពេល ១០ថ្ងៃនោះ ឥឡូវនេះនឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃសុក្រ ទី២១ ខែសីហានេះហើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN, អគ្គសេនាធិការចម្រុះបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តកែសម្រួលផ្នែកខ្លះនៃរយៈពេល និងទំហំនៃសមយុទ្ធ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក»។
យ៉ាងណាមិញ ការកែប្រែថ្ងៃបញ្ចប់សមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth កាត់បន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តតំបន់ដ៏សំខាន់មួយ ដោយលោកបានលើកឡើងពីទំនាក់ទំនងវិជ្ជមានជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងការខ្វះខាតជំនួយរបស់ទីក្រុងសេអ៊ូលពាក់ព័ន្ធនឹងបញ្ហាប្រទេសអ៊ីរ៉ង់។
គួររំលឹកផងដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តែងតែធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ ហើយកូរ៉េខាងត្បូងក៏ជាកន្លែងឈរជើងនៃមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតនៅក្រៅប្រទេសផងដែរ គឺមូលដ្ឋានទ័ព Camp Humphreys ដែលជាជម្រករបស់កងទ័ពអាមេរិក រួមទាំងក្រុមគ្រួសារ និងពលរដ្ឋកូរ៉េរាប់ម៉ឺននាក់៕