IAEA ៖ ប្រទេសស៊ីរី​មានលាក់ទុក​សម្ភារៈនុយក្លេអ៊ែររាប់តោន នៅ​ទីតាំងសម្ងាត់មួយ

ប្រមុខទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែរ​​អន្តរជាតិ​ (IAEA) របស់អង្គការសហប្រជាជាតិ បានថ្លែងថា ក្រុមអធិការកិច្ចរបស់ខ្លួនបានរកឃើញសម្ភារៈនុយក្លេអ៊ែរទម្ងន់ជាច្រើនតោនក្នុងប្រទេសស៊ីរី នៅឯទីតាំងមួយដែលអាជ្ញាធរស៊ីរីអះអាងថា ពួកគេធ្លាប់រាយការណ៍ជូនទីភ្នាក់ងារនេះកាលពីខែមុន។

លោក Rafael Mariano Grossi 

ការប្រកាសនេះបានធ្វើឡើងចំពេលដែលរដ្ឋាភិបាលថ្មីរបស់ស៊ីរី បានប្តេជ្ញាចិត្តសហការជាមួយទីភ្នាក់ងារត្រួតពិនិត្យមួយនេះ។ ប្រមុខការទូតកំពូលរបស់ស៊ីរី បាននិយាយថា ទីក្រុងដាម៉ាសនៅតែមាន​បំណង​អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព និងមានបំណងរក្សារាល់សម្ភារៈនុយក្លេអ៊ែរទាំងអស់ដែលស្ថិតក្រោម​ការគ្រប់គ្រងស្រាប់​របស់ខ្លួន ឲ្យស្ថិតនៅក្រោមប្រព័ន្ធការពារសុវត្ថិភាពអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP កាលពីថ្ងៃទី១៨ ខែសីហា។

លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងដាម៉ាសថា «រូបខ្ញុំ និងក្រុមការងារ បានចុះទៅដល់ខាងក្នុងទីតាំង Deir al-Zor ដែលការងារកាយដី និងការរុករកយ៉ាងហ្មត់ចត់កំពុងតែប្រព្រឹត្តទៅនៅពេលនេះ»។

លោកបានបន្ថែមថា ទីតាំងមួយផ្សេងទៀតដែលមានផ្ទុកសម្ភារៈនុយក្លេអ៊ែរ ក៏ត្រូវបានរកឃើញផងដែរ ប៉ុន្តែលោកមិនបានលាតត្រដាងព័ត៌មានលម្អិតណាមួយឡើយ។

យ៉ាងណាមិញ លោកបែរជាសង្កត់ធ្ងន់ថា «កិច្ចសហប្រតិបត្តិការរបស់ស៊ីរី មានសារៈសំខាន់ដ៏ធំធេង ហើយយើងកំពុងនិយាយអំពីសម្ភារៈនុយក្លេអ៊ែរប្រមាណជាច្រើនតោន ដែលអាចនឹងត្រូវគេយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ហើយស៊ីរីបានសម្រេចចិត្តបើកទ្វារទីតាំងនេះឲ្យក្រុមអធិការកិច្ច IAEA ចូលពិនិត្យ។ សម្ភារៈទាំងនេះនឹងត្រូវធ្វើបញ្ជីគណនេយ្យភាព ព្រមទាំងដាក់បញ្ចូលទៅក្នុងប្រព័ន្ធការពារសុវត្ថិភាពអន្តរជាតិ»។

ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Bashar al-Assad ស៊ីរីត្រូវបានគេជឿថា បានដំណើរការកម្មវិធីនុយក្លេអ៊ែយ៉ាងទូលំទូលាយមួយដោយមិនបានប្រកាស ដែលក្នុងនោះរួមមានទាំងរ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង សាងសង់ដោយប្រទេសកូរ៉េខាងជើង នៅក្នុងខេត្ត Deir al-Zor ភាគខាងកើតប្រទេស។

គួររំលឹកថា ទីតាំងនៅក្នុងខេត្ត Deir al-Zor នេះ ទើបតែត្រូវបានមហាជនដឹងឮជាសាធារណៈ បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសក្នុងឆ្នាំ២០០៧ ដែលបានបំផ្លាញរោងចក្រនោះចោល។ ក្រោយមក ស៊ីរីបានឈូសឆាយទីតាំងនោះឲ្យរាបស្មើ និងមិនដែលបានឆ្លើយតបពេញលេញចំពោះសំណួររបស់ IAEA អំពីរឿងនេះឡើយ។

ទោះជាយ៉ាងណា នៅក្នុងឆ្នាំ២០២៤ មុនពេល​អតីត​​ប្រធានាធិបតី​ al-Assad ត្រូវដកហូតតំណែងកាលពីខែធ្នូឆ្នាំនោះ ក្រុមអធិការកិច្ច IAEA បានប្រមូលសំណាកនៅទីតាំងចំនួនបី ហើយនៅក្នុងឆ្នាំ២០២៥ ពួកគេបានបញ្ជាក់ថា បានរកឃើញដាននៃសារធាតុអ៊ុយរ៉ាញ៉ូមនៅទីតាំងមួយកន្លែង៕

អត្ថបទដែលជាប់ទាក់ទង