នេប៉ាល់ រកឃើញមនុស្សស្លាប់ ដល់ទៅ ៩០៣នាក់ ​ខណៈបាត់ខ្លួន កើនដល់ ៤ ២៤៧នាក់ ក្នុងគ្រោះធម្មជាតិដ៏សាហាវ

តួលេខចុងក្រោយគិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ មនុស្សស្លាប់ក្នុងវិនាសកម្មគ្រោះមហន្តរាយធម្មជាតិដ៏សាហាវ នៅប្រទេសនេប៉ាល់ បានកើនដល់ ៩០៣នាក់ហើយ ខណៈ ៤ ២៤៧នាក់ទៀត បាត់ខ្លួន។

យោងតាមរបាយការណ៍ពី អាជ្ញាធរគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ ដែលផ្សាយដោយ CNN, តួលេខចុងក្រោយនេះ គឺហក់ឡើងយ៉ាងគំហុក បន្ទាប់ពីក្រុមសង្គ្រោះ បានបង្កើនប្រតិប​ត្តិការ ដោយរកឃើញមនុស្សស្លាប់យ៉ាងច្រើន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈតួលេខថ្ងៃអាទិត ឈរនៅ ៧៨១នាក់។

ក្នុងរបាយការណ៍នោះដែរ បង្ហាញថា ចំពោះមនុស្សបាត់ខ្លួនវិញ គឺរួមមានជនបរទេស ៥៩២នាក់ និងពលរដ្ឋនេប៉ាល់ផ្ទាល់ ៣ ៦៥៥នាក់ ហើយក្នុងចំណោមពលរដ្ឋនេប៉ាល់ទាំងនោះ ក៏មានទាំងកម្មកររោងចក្រវារីអគ្គិសនី ៩៣៣នាក់ និងទាហាន ប៉ូលិស មន្ត្រីគយ ១០២នាក់ផងដែរ។

នេប៉ាល់បញ្ចេញតួលេខនេះ ស្របពេលកងសង្គ្រោះ កំពុងដុតដៃដុតជើង ជួយកម្មករ ជាង៩០០នាក់នោះ ដែលជាប់ក្នុងរូងក្រោមដី នៃរោងចក្រវ៉ារីអគ្គិសនី Trishuli-3A និង Trishuli-3B។

ក្រុមជួយសង្គ្រោះ បានព្យាយាមទាក់ទងដល់កម្មករទាំងអស់ដែលជាប់ក្នុងនោះ ប៉ុន្តែគ្មានការឆ្លើយតបឡើយ ហើយក៏មិនទាន់មានឃើញសញ្ញាជីវិត នៅក្នុងនោះដែរ ខនៈពេលវេលាកាន់តែខើច។

ក្រុមសង្គ្រោះត្រូវសម្អាត និងជីកយកកម្ទេចកម្ទីចេញពីផ្លូវចូលរូង ហើយខួងប្រហោងចំនួន៤ ផងដែរ ដើម្បីទម្លុះបំពង់ខ្យល់ចូលទៅ ព្រមទាំងបញ្ជូនអាហារនិងទឹក ចូល។

សូមជម្រាបជាថ្មី គ្រោះមហន្តរាយជំនន់ដ៏ខ្លាំងក្លានេះ បង្កឡើងដោយការបាក់ផ្ទាំងទឹកកក ពីលើកំពូលភ្នំ ហូរបំបុកចុះមក នាំទាំងភក់ ថ្ម និងល្បាប់ដ៏ក្រាស់រាប់តោន វាយប្រហារតំបន់ព្រំដែននេប៉ាល់-ចិន ដោយបំផ្លាញភូមិឋាន ផ្លូវថ្នល់ ស្ពាន និងស្ថានីយអគ្គិសនី ជាច្រើនកន្លែងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

នៅឯខាងទីបេ នៃប្រទេសចិនឯណោះ មនុស្សស្លាប់ក៏កើនឡើងដល់ ១៦នាក់ផងដែរ ខណៈ ៥៤៦នាក់ កំពុងបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង