ក្រុម AOT និងសេនានុព័ន្ធយោធា ភ្ញាក់ផ្អើលក្រោយដឹងការពិតថា យោធាថៃប្រើប្រាស់គ្រាប់បែកចង្កោម និងសព្វាវុធធុនធ្ងន់វាយប្រហារលើគោលដៅស៊ីវិលកម្ពុជា​

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសេនានុព័ន្ធយោធា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទិដ្ឋភាពនៃសោកនាដកម្ម ដែលយោធាថៃបានប្រើប្រាស់អាវុធភណ្ឌបំផ្លាញកម្រិតខ្ពស់ វាយប្រហារមកលើទឹកដីកម្ពុជា។ ការវាយប្រហារនេះ បានជ្រើសរើសគោលដៅស៊ីវិលសម្រាប់វាយប្រហារ បំផ្លាញដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលយ៉ាងធ្ងន់ធ្ងរ។

ការលើកឡើងបែបនេះរបស់លោក ហេង រតនា ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាព សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ នៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

លោក ហេង រតនា បានធ្វើបទបង្ហាញលម្អិត អំពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ក្នុងបទបង្ហាញនោះលោកបានគូសបញ្ជាក់ថា យោធាថៃ បានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន និងគ្រាប់អាវុធសារធាតុគីមី មកលើគោលដៅស៊ីវិលជាច្រើន រួមមានភូមិឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋ។

អគ្គនាយកស៉ីម៉ាក់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា AOT ដែលបានដឹងព័ត៌មាននេះ ដោយពួកគាត់បានដឹងពីស្ថានភាពសុខសុវត្ថិភាព របស់យើងដែលវិលត្រឡប់ទៅវិញ។ ពួកគាត់ (AOT) បានដឹងអំពីការគំរាមកំហែង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមមិនទាន់ផ្ទុះ មកលើប្រជាពលរដ្ឋរបស់យើង និងគោលដៅស៉ីវិល»។

ជាមួយគ្នានេះដែរ លោក ហេង រតនា បានបញ្ជាក់ថា តាមរយៈការចុះទៅត្រួតពិនិត្យ ផ្ទៀងផ្ទាត់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្តោយព្រំដែន ក្រុម AOT និងបណ្តាសេនានុព័ន្ធយោធា បានមើលឃើញដោយផ្ទាល់ពីសោកនាដកម្មដែលបង្កឡើង ដោយសកម្មភាពយោធាថៃ ប្រើប្រាស់នូវសព្វាវុធធុនធ្ងន់ ដូចជាគ្រាប់បែកត្រកូល MK ដែលជាប្រភេទគ្រាប់បែបទម្លាក់ពីលើយន្តហោះចម្បាំង គ្រាប់បែកចង្កោម ដ្រូនអត្តឃាត និងគ្រាប់អាវុធសារធាតុគីមី មកលើគោលដៅស៊ីវិលជាដើម។

មេស៉ីម៉ាក់កម្ពុជា​ បានគូសបញ្ជាក់ថា៖ «ក្នុងនាមពួកគាត់ជាយោធា គាត់អាចយល់ដឹងពីផលលំបាកនៃសំណល់យុទ្ធភណ្ឌសង្គ្រាម ដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ MK​ នេះ ពួកគាត់ក៏មានការភ្ញាក់ផ្អើលដែលមិននឹកស្មានថាសង្គ្រាមព្រំដែន ប្រើអាវុធយុទ្ធភណ្ឌដល់កម្រិតហ្នឹង ព្រោះអាកម្រិតគ្រាប់យុទ្ធភណ្ឌ ដែលដែលយើងរកឃើញគ្រាប់ MK84 ដែលជាគ្រាប់ធំផុតក្នុងត្រកូល MK គាត់មិនដឹកស្មានថាថៃ បាញ់ប៉ះពាល់ផ្ទះសម្បែង ដីស្រែ ចម្ការ របស់ពលរដ្ឋស៉ីវិលដល់កម្រិតហ្នឹងដែរ»។

ឆ្លើយតបនឹងសំណួររបស់ក្រុម AOT និងសេនានុព័ន្ធយោធា លោក ហេង រតនា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំការពារអាយុជីវិតប្រជាពលរដ្ឋ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់រងគ្រោះ ជាពិសេសតំន់អាទិភាពជាចាំបាច់ដើម្បីធានាសេដ្ឋកិច្ចសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅតាមបណ្តោយព្រំដែន។

យោងតាមការរកឃើញរបស់ CMAC ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ សង្គ្រាមឈ្លានពាននេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋានជាង ៣៤០ភូមិ ប៉ះពាល់ផ្ទៃដីប្រមាណ ៤៤១,០០០ហិកតា និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៩១,០០០គ្រួសារ។ បច្ចុប្បន្ន កងកម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០​ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ​ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ​ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម។

គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានសរុប ៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន ១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន​ អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន ដឹកនាំដោយលោកវរសេនីយ៍​ KYLE SALTZMAN​ អនុពន្ធ័យោធាសហរដ្ឋអាមេរិក​ និងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា បានចូលស្តាប់បទបង្ហាញពីបច្ចុប្បន្នភាព នៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ នៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង