លោក ហ្សេលេនស្គី បានអះអាងថា បំណងផ្ទាល់ខ្លួនរបស់ លោក ពូទីន គឺការបន្តសង្គ្រាមរវាងប្រទេសទាំងពីរ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងនៅថ្ងៃចន្ទថា បំណងផ្ទាល់ខ្លួនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គឺការបន្តសង្គ្រាមរវាងប្រទេសទាំងពីរ ដែលជាជម្លោះមួយដ៏វែងជិតចប់ឆ្នាំទី៥ ទៅហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៦ ។

ក្នុងសុន្ទរកថាពេលល្ងាចមួយ លោក ហ្សេលេនស្គី និយាយថា៖ « ភាគច្រើនគឺមកពីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ លោក ពូទីន ថា នឹងយល់ព្រមបញ្ឈប់សង្គ្រាមតាមបណ្តាញទំនាក់ទំនង»។
លោក ហ្សេលនស្គី បន្ថែមថា៖ « សម្រាប់ពេលនេះ ជាអកុសល! ព័ត៌មានសម្ងាត់ទាំងអស់ ទាំងរបស់យើង និងដៃគូរបស់យើង និងសញ្ញាទាំងអស់ពីរុស្ស៊ីបង្ហាញថា មេដឹកនាំរុស្ស៊ីផ្ទាល់ចង់បានសង្គ្រាមបន្ថែមទៀត»។
លោក ហ្សេលេនស្គី បន្តថា ខ្លួនបាននិយាយទូរស័ព្ទជាមួយ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និង លោក Jared Kushner ដែលត្រូវជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាពីការរៀបចំសម្រាប់កិច្ចប្រជុំ និងការទំនាក់ទំនងបន្ថែមជាមួយភាគីរុស្ស៊ី ក៏ដូចជាដំណើរទស្សនកិច្ចរបស់ពួកគេដែលអាចកើតមានមកកាន់អ៊ុយក្រែន។
លោកមានប្រសាសន៍ថា៖ « យើងបានពិភាក្សាពីអ្វីដែលអាចធ្វើបាន ដើម្បីលើកទឹកចិត្តរុស្ស៊ីឱ្យឈានទៅរកការបញ្ចប់សង្គ្រាម។ អារម្មណ៍ត្រូវតែសមស្របនៅទីក្រុងមូស្គូ ជាមួយ លោក ពូទីន។ អារម្មណ៍ដើម្បីបញ្ចប់សង្គ្រាម មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ»។
លោកបន្ថែមថា៖ « យើងនឹងរង់ចាំមើលថា តើតំណាងរបស់ប្រធានាធិបតីអាមេរិកអាចសម្រេចបានអ្វីខ្លះ។ ខែកញ្ញា អាចនឹងមានការប្រែប្រួលច្រើន»។
គួរបញ្ជាក់ថា សង្រ្គាមទ្រង់ទ្រាយធំរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន សំឡេងមីស៊ីលនៅតែបន្តមាន ហើយចំនួនជនស៊ីវិលស្លាប់ក៏បន្តមានដូចគ្នា៕
