អាជ្ញាធរខេត្តស្វាយរៀង ចុះរដ្ឋបាលចំហនៅបុរី អ៊ែល តារា រកឃើញជនបរទេស៩នាក់ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនc

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានចុះអនុវត្តរដ្ឋបាលចំហ ចំពោះផ្ទះល្វែងចំនួន៤ទីតាំង ស្ថិតក្នុងបុរីអ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ប្រតិបត្តិការនេះ បានធ្វើឡើងស្របតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ម៉ែន អេង អភិបាលរងខេត្តតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួមពី លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត ព្រមទាំងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចធើ្វការត្រួតពិនិត្យ បានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន០៩នាក់ (ស្រី០១នាក់) មាន២សញ្ជាតិរួមមាន៖ សញ្ជាតិវៀតណាម ចំនួន០៨នាក់ (ស្រី០១នាក់) និងសញ្ជាតិឥណ្ឌូនេស៊ី ចំនួន០១នាក់ (ប្រុស)។ ក្នុងនោះ ០៧នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ ខណៈ០២នាក់ទៀត (ប្រុស សញ្ជាតិវៀតណាម) គ្មានលិខិតឆ្លងដែនឡើយ។

ផ្អែកតាមការពិនិត្យជាក់ស្តែងនៅតាមទីតាំងនីមួយៗរួមមាន៖ ទីតាំងទី១ (ផ្ទះល្វែង)៖ កម្លាំងសមត្ថកិច្ចបានរកឃើញគ្រឿងអេឡិចត្រូនិចមួយចំនួនធំ ដែលសង្ស័យថាជាទំនិញគេចពន្ធ នៅទីតាំងនេះ ពុំមានជនបរទេសស្នាក់នៅឡើយ។ ក្រុមការងារបានសម្រេចបិទស៊ាល (Seal) ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំមន្ត្រីជំនាញចុះមកធ្វើការត្រួតពិនិត្យជាបន្ត ,

ទីតាំងទី២ (ផ្ទះល្វែង)៖ រកឃើញជនជាតិវៀតណាមចំនួន០៨នាក់ (ស្រី០១នាក់) ស្នាក់នៅ។ ក្នុងនោះ០៦នាក់មានលិខិតឆ្លងដែន និង០២នាក់ (ប្រុស) គ្មានលិខិតឆ្លងដែន។ ទោះជាយ៉ាងណា ទីតាំងនេះពុំមានការពាក់ព័ន្ធនឹងសកម្មភាព online scam ឡើយ , ទីតាំងទី៣ (ផ្ទះល្វែង)៖ ពុំមានជនបរទេសស្នាក់នៅឡើយ, ទីតាំងទី៤ (ផ្ទះល្វែង)៖ រកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ (ប្រុស) ស្នាក់នៅ ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានការពាក់ព័ន្ធនឹងសកម្មភាព online scam ឡើយ។

ចំពោះជនជាតិវៀតណាមចំនួន០២នាក់ ដែលរកឃើញថាស្នាក់នៅដោយគ្មានលិខិតឆ្លងដែននោះ ក្រុមការងារចម្រុះបានសម្រេចនាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង