បុរសបន្ទោបង់ដាក់ផ្លាកសញ្ញាចរាចរណ៍ បានចូលខ្លួនសុំទោសជាសាធារណៈ !!

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវបានថតបង្ហោះលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឈរបន្ទោបង់លើសួនច្បារកណ្ដាលទ្រូងផ្លូវ ក្នុងខណ្ឌសែនសុខ បានចូលខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និង បានសុំទោសជាសាធារណៈ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរូបនេះឈ្មោះ រឿន សីហា អាយុ ៣៥ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូកង់បី រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសរូបនេះ បានទទួលស្គាល់កំហុស និង បានសុំទោសចំពោះទង្វើខ្វះសីលធម៌ ដែលប៉ះពាល់ដល់អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ។

សមត្ថកិច្ចបានធ្វើកំណត់ហេតុអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ករណីនេះកើតឡើងបន្ទាប់ពីវីដេអូសកម្មភាពរបស់ គាត់ ដែលបានប្រព្រឹត្តនៅលើកំណាត់ផ្លូវហាន់ណូយ ក្នុងសង្កាត់គោកឃ្លាង កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ និង ត្រូវបានផ្សព្វផ្សាយ និង រងការរិះគន់លើបណ្ដាញសង្គម។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកបុរសរូបនេះ ដើម្បីអប់រំ និងចាត់វិធានការតាមជំនាញ៕

អត្ថបទដែលជាប់ទាក់ទង