លោក ពូ ទីន អះអាងថា រុស្ស៊ី កំពុងឈ្នះលើសមរភូមិសង្រ្គាមជាមួយអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងឈ្នះសង្គ្រាមនៅអ៊ុយក្រែន និង បានពណ៌នាអំពីថ្នាក់ដឹកនាំអ៊ុយក្រែន ដោយហៅថាជា «ភេរវករ» ដែលទីក្រុងមូស្គូមិនអាចចរចាជាមួយបានទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៦ ។

ក្នុងមតិយោបល់លម្អិតបំផុតលើសង្គ្រាមអស់រយៈពេលជាច្រើនសប្តាហ៍ លោក ពូទីន បានទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែនក្នុងប្រទេសរុស្ស៊ីបង្កការខូចខាតពិតប្រាកដ ហើយ បាននិយាយថា ដ្រូនអ៊ុយក្រែន បង្កបញ្ហាប្រឈមយ៉ាងជាក់លាក់។
លោក ពូទីន បន្តថា រុស្ស៊ីកំពុងឈានទៅមុខនៅលើសមរភូមិ ហើយបានប្រាប់អ្នកយកព័ត៌មានថា៖ « ខ្ញុំមិនមានការសង្ស័យទេ ថាសត្រូវនឹងបរាជ័យ»។ លោកបដិសេធ មិននិយាយថាពេលណានឹងកើតឡើងនោះទេ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបន្តថា៖ « ពាក្យចចាមអារ៉ាមថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តបញ្ជាឱ្យមានការចល័តយោធាថ្មី គឺជារឿងមិនសមហេតុផលទាំងស្រុង»។
លោក ពូទីន និយាយថា កងទ័ពរុស្ស៊ីបានដណ្តើមយកដី ២៧០គីឡូម៉ែត្រការ៉េនៃតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនក្នុងខែសីហា ហើយកងទ័ពអ៊ុយក្រែនមួយក្រុមធំត្រូវបានឡោមព័ទ្ធ។
លោកបន្ថែម ថា រុស្ស៊ីបន្តឈានទៅមុខឆ្ពោះទៅរកទីក្រុង Sloviansk និង Kramatorsk ដោយលើកឡើងថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងរៀបចំធ្វើការវាយប្រហារដ៏ធំប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន។
មុននេះបន្តិច ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរថា ដែនអាកាសរុស្ស៊ីនឹងមិនមានសុវត្ថិភាពទេ ហើយពោរពេញទៅដោយដ្រូន របស់អ៊ុយក្រែន។
លោកបន្តថា៖ « ថ្ងៃនេះ យើងចង់ព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ និងមនុស្សគ្រប់គ្នានៅតែប្រើប្រាស់អាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ី ថា ដែនអាកាសរុស្ស៊ី កំពុងគ្មានសុវត្ថិភាពទាំងស្រុងទេ»៕