លោក ថាក់ស៊ីន ស្នើតុលាការ ថៃ លើកលែងទោស ដោយសន្យា លែងលូកដៃក្នុងឆាកនយោបាយហើយ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់សំណើសុំការលើកលែងទោស តាមច្បាប់ស្តីពីការលើកកម្ពស់សង្គមសន្តិភាព ដោយមានបំណងជម្រះឈ្មោះរបស់ខ្លួនពីសំណុំរឿងពាក់ព័ន្ធនានា ទាក់ទងនឹងរឿងនយោបាយ។ នេះបើតាមការបញ្ជាក់ពីមេធាវី គឺលោក Winyat Chatmontree កាលពីថ្ងៃទី១២ ខែតុលា។
យោងតាមសារព័ត៌មាន The Nation លោក Winyat បានអះអាង ថា លោក ថាក់ស៊ីន បានប្រគល់សិទ្ធិអំណាចឱ្យមានការដាក់ញត្តិស្នើសុំនេះ កាលពីថ្ងៃទី ៨ ខែតុលា តាមរយៈមជ្ឈមណ្ឌលសេវាកម្មរួម ស្ថិតនៅការិយាល័យអចិន្ត្រៃយ៍នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ញត្តិមួយនេះត្រូវបានផ្ញើជូនជាពិសេសទៅកាន់ប្រធានគណៈកម្មាធិការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព។
បើតាមការបញ្ជាក់ពីលោក Winyat ញត្តិដែលបានដាក់នេះ គឺស្នើសុំឱ្យមានការសម្រេចសេចក្តីលើសិទ្ធិទទួលបានការលើកលែងទោសរបស់លោក ថាក់ស៊ីន និងការដោះលែងឱ្យរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ទាំងពួងនៅក្រោមច្បាប់មួយនេះ។ ការស្នើសុំនេះគឺគ្របដណ្តប់ទៅលើរាល់សំណុំរឿងទាំងអស់ដែលមានការពាក់ព័ន្ធនឹងការសុំលើកលែងទោស ដោយមិនមានការបំបែកចេញជាករណីសំណុំរឿងដាច់ដោយឡែកពីគ្នានោះឡើយ។
លោក Winyat បានសង្កត់ធ្ងន់ថា លោកថាក់ស៊ីន ដាក់ពាក្យស្នើសុំនេះ គឺដើម្បីលាងជម្រះឈ្មោះរបស់ខ្លួន និងដើម្បីបង្ហាញឱ្យឃើញថា រាល់អ្វីៗគ្រប់យ៉ាងដែលលោកបានធ្វើកន្លងមក គឺធ្វើឡើងដើម្បីប្រជាជន និងដើម្បីប្រទេសជាតិ ហើយរឿងរ៉ាវទាំងអស់នេះ សុទ្ធសឹងតែជារឿងនយោបាយ។ លោកក៏បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីវ័យ៧៧រូបនេះ កាន់តែមានវ័យចំណាស់ ហើយចង់ប្រកបរបររកស៊ី និងរស់នៅដោយសន្តិភាព ជាងវិលត្រឡប់ទៅប្រឡូកក្នុងនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ លោក Winyat បានទទួលស្គាល់ថា ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើគណៈកម្មាធិការ។ លោកមេធាវីបានសម្តែងក្តីសង្ឃឹមថា ច្បាប់នេះនឹងត្រូវបានបកស្រាយក្នុងន័យទូលំទូលាយ ដោយគ្មានការរើសអើង និងស្របទៅតាមគោលបំណងដើមនៃច្បាប់ បន្ទាប់ពីមានការពិនិត្យពិច័យលើពាក្យស្នើសុំនេះយ៉ាងហ្មត់ចត់រួចរាល់។
លោក Chatchai Bangchuad លេខាធិការអចិន្ត្រៃយ៍នៃទីស្តីការនាយករដ្ឋមន្ត្រី និងជាលេខាធិការគណៈកម្មាធិការកសាងសន្តិភាព បាននិយាយថា លោកថាក់ស៊ីនមានសិទ្ធិដាក់សំណើនេះ។ ប្រសិនបើញត្តិត្រូវបានទទួលរួចរាល់ វានឹងត្រូវបញ្ជូនទៅអនុគណៈកម្មាធិការត្រួតពិនិត្យ ដែលដឹកនាំដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ ដើម្បីវាយតម្លៃថា តើសំណើនេះបំពេញតាមលក្ខខណ្ឌសម្រាប់ការពិចារណាដែរឬទេ។
ប្រសិនបើសំណើនេះត្រូវបានរកឃើញថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ វានឹងត្រូវបញ្ជូនទៅគណៈកម្មាធិការធំ ដែលដឹកនាំដោយលោក Pakorn Nilprapunt ដែលឧបនាយករដ្ឋមន្ត្រីថៃ ដើម្បីពិនិត្យបន្ត។
គិតត្រឹមពេលរាយការណ៍នេះ មិនទាន់មានការសម្រេចថា លោកថាក់ស៊ីន នឹងទទួលបានការលើកលែងទោសឬយ៉ាងណានោះទេ។ ការដាក់ញត្តិនេះគឺជាការស្នើសុំឱ្យពិនិត្យសិទ្ធិទទួលបានការលើកលែងទោសប៉ុណ្ណោះ មិនមែនជាការអនុម័តលើកលែងទោសរួចរាល់នោះឡើយ៕
ប្រភព៖ The Nation
