កូរ៉េខាង​ត្បូង បើកមូល​ដ្ឋាន AI យោធា​ដំបូងគេ ដើម្បីបណ្តុះ​បណ្តាល​មនុស្សយន្ត​ សម្រាប់បេសកកម្ម​គ្រោះថ្នាក់​

កាល​ពី​ថ្ងៃចន្ទ ទី​១២ ខែ​តុលា ក្រសួង​ការពារជាតិកូរ៉េខាង​ត្បូងបាន​សម្ពោធមូលដ្ឋាន​យោធាដំបូងគេ​ សម្រាប់​ការផ្លាស់ប្តូរទៅ​រកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ​(AI) ដើម្បី​អភិវឌ្ឍប្រព័ន្ធមនុស្ស​យន្តដែល​​​អាចអនុវត្ត​ប្រតិបត្តិការ​យោធា​​ក្នុង​បរិបទ​​ហានិភ័យខ្ពស់។​ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Anadolu។

មនុស្ស​យន្តរបស់​កូរ៉េខាង​ត្បូង​។ រូបភាព៖ យោធា​កូរ៉េខាងត្បូង​

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បានរាយការណ៍​ដោយដកស្រង់សម្តីរបស់​ក្រសួងថា មូលដ្ឋាននេះ​មានទីតាំងស្ថិតនៅ​តំបន់ Pangyo ភាគខាងត្បូង​ទីក្រុងសេអ៊ូល ហើយ​វានឹងផ្តល់ការបណ្តុះបណ្តាល​មនុស្សយន្ត​ មានរូបរាងដូច​មនុស្ស និងមនុស្សយន្ត​​មានជើងច្រើន ដោយប្រើប្រាស់​ទិន្នន័យ AI ផ្នែក​រូបវន្ត (physical AI) និងគំរូ AI កម្រិត​ខ្ពស់។

មន្ត្រី​ប្រ​មាណ​ ១៥០នាក់ រួមទាំងតំណាង​មកពីក្រសួងវិទ្យាសាស្ត្រ និងក្រសួងឧស្សាហកម្ម បានចូល​​រួមក្នុងពិធីសម្ពោធនេះ។

មនុស្សយន្តទាំងនោះនឹងត្រូវ​បណ្តុះបណ្តាលឱ្យដឹកជញ្ជូន​សម្ភារៈ​ផ្គត់ផ្គង់ ចូលទៅក្នុង​តំបន់​គ្រោះថ្នាក់ ដោះស្រាយ​គ្រឿងផ្ទុះ និងបោសសម្អាតមីន ​ដោយ​នឹងជួយកាត់បន្ថយការ​ប្រឈមមុខនឹងគ្រោះថ្នាក់​ដល់អាយុជីវិតរបស់ទាហាន​ នៅក្នុងបេសកកម្ម​នានា។

ក្រសួង​បញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ​មានគោលបំណងបង្កើត​មជ្ឈមណ្ឌលការពារជាតិឈាន​មុខគេមួយរបស់ពិភពលោក ​លើ​ឯកទេស AI ផ្នែករូបវន្ត​ ដែលអនុញ្ញាតឱ្យម៉ាស៊ីនអាច​ធ្វើអន្តរកម្មជាមួយបរិយាកាសជាក់​ស្តែងបាន។

ក្រោម​កម្មវិធីនេះ កូរ៉េខាង​​ត្បូង​នឹងបង្កើតមូលដ្ឋាន​ផ្លាស់ប្តូរ AI ចំនួន​ ៥ នៅទូទាំងប្រទេស ពាក់ព័ន្ធនឹង​សាខាយោធា​នីមួយៗ និងអគ្គសេនាធិការ​ចម្រុះ។ មូលដ្ឋានមួយ នឹងមានទីតាំង​នៅទីស្នាក់ការកណ្តាលនៃអគ្គសេនាធិការ​ចម្រុះនៅក្នុង​ស្រុក​ Yongsan ទីក្រុងសេអ៊ូល។

ក្រសួង​ក៏មានគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការជា​មួយក្រុមហ៊ុនបច្ចេកវិទ្យា​ឯកជន ដើម្បីរួម​បញ្ចូលប្រព័ន្ធ AI ​អភិវឌ្ឍជា​លក្ខណៈពាណិជ្ជកម្មទៅ​ក្នុងប្រតិបត្តិការ​យោធា​ផង​ដែរ​។

គំនិតផ្តួចផ្តើម​នេះកើតឡើង ខណៈ​កូរ៉េខាងត្បូង​ កំពុងងាកទៅរក​ប្រព័ន្ធស្វ័យប្រវត្តិកម្មកាន់​តែខ្លាំងឡើង ដើម្បីដោះស្រាយកង្វះខាត​បុគ្គលិក​យោធា បណ្តាលមកពីអត្រាកំណើត​ធ្លាក់ចុះរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន Anadolu ​ធ្លាប់​បាន​រាយការណ៍ថា យោធា​កូរ៉េខាង​ត្បូង​បាន​ពង្រីកការ​ទទួលយក AI ដើម្បី​រក្សាការត្រៀមខ្លួនប្រតិបត្តិការជាមួយ​នឹងកងទ័ពតិច​ជាងមុន រួមទាំងការសាក​ល្បងមនុស្សយន្តដែល​មានរូបរាងដូចមនុស្ស​ នៅលើនាវាកងទ័ពជើងទឹក៕

ប្រភព៖ Anadolu

អត្ថបទដែលជាប់ទាក់ទង