ទាំងស្អាត ទាំងពូកែ! តារាចម្រៀង និង សម្តែងល្បីៗ ៥ ដួងចេះរាំរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញ
បច្ចុប្បន្នមានអ្នកសិល្បៈជាច្រើនដែលមានចំណេះជំនាញបំបុកយកទីផ្សារសិល្បៈរៀងខ្លួន តាមរយៈទេពកោសល្យផ្សេងៗរបស់ពួកគេ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ចំពោះតារាចម្រៀង និង សម្ដែង ៥ ដួងល្បីនាសម័យបច្ចុប្បន្ននេះ ដែលមិនត្រឹមមានសមត្ថភាពក្នុងការសម្តែង និង ច្រៀងបានល្អនោះទេ ប៉ុន្តែពួកគេនៅមានចំណុចពិសេសមួយទៀត គឺចេះរាំរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញ ដោយពួកគេមានប្រវត្តិហាត់រៀនទម្រង់សិល្បៈបុរាណផ្នែករបាំបុរាណនេះតាំងពីតូច ដោយតារាស្រីល្បីៗទាំង ៥ ដួងនោះ រួមមាន ៖
១. តារាចម្រៀង ឱក សុគន្ធកញ្ញា
ធ្លាប់ឡើងធ្វើបទសម្ភាសកន្លងមក អ្នកនាង ឱក សុគន្ធកញ្ញា បានទម្លាយថាប្រវត្តិសិល្បៈរបស់អ្នកនាងគឺផ្តើមចេញពីអ្នករបាំ ដោយអ្នកនាងបានសិក្សារៀនសូត្រនៅសាលាមធ្យមវិចិត្រសិល្បៈរាជធានីភ្នំពេញ ហើយថែមទាំងបានសញ្ញាបត្ររបាំទៀតផង គឺជាឯកទេសនាយរង (តួរបាំប្រុស)។
២. តារាចម្រៀង សួស វីហ្សា
ដ្បិតថាអ្នកចម្រៀងសម័យមែន តែសំឡេងរបស់អ្នកនាង សួស វីហ្សា អាចច្រៀងបានទាំងបុរាណ និង សម័យ នេះក៏ដោយសារនាងជាអ្នកឆ្លងកាត់ការហាត់រាំរបាំជាទម្រង់បុរាណខ្មែរ និង ទទួលបានការណែនាំសាស្ត្រាចារ្យជំនាញផ្នែកតន្រ្តីខ្មែរផង។ ជារឿយៗរាល់ពេលចូលសម្ភាស តារាស្រីរូបនេះតែងតែនិយាយអរគុណដល់លោកគ្រូអ្នកគ្រូដើមរបស់នាងជានិច្ច ហើយតែងរំឭកមករហូតថានាងផ្តើមចេញពីអ្នករបាំខ្មែរ។
៣. តារាសម្ដែង នី មុន្នីនាថ
នរណាៗក៏បានដឹងថាទេពកោសល្យសម្ដែងរបស់ស្រីស្រស់ នី មុន្នីនាថ គឺល្អ នេះក៏ដោយសារតែតារាសម្ដែងស្រីរូបនេះឆ្លងកាត់ការសិក្សារៀនសូត្រផ្នែកទម្រង់សិល្បៈបុរាណ។ ក្នុងនោះ បើនិយាយពីតួអង្គវិញ នី មុន្នីនាថ គឺសមឥតខ្ចោះនឹងតួបែបកម្សត់ និង សម្ដែងរឿងបែបបុរាណមនោសញ្ចេតនា ហើយបើនិយាយពីការរាំរបាំវិញគឺស្រស់ស្អាត និង ក្តាប់បានតួឯកមករហូត។
៤. តារាសម្ដែង ព្រះកាយ ច័ន្ទ
ក្រឡេកមើលតារាសម្ដែងស្រី ព្រះកាយ ច័ន្ទ វិញ បច្ចុប្បន្នជាគ្រូបង្រៀនផ្នែករបាំ សម្ដែង និង បង្ហាញម៉ូដ ដែលមានក្លឹបឈ្នោះ «ព្រះកាយ ច័ន្ទ ក្លឹប»។ ស្រីស្រស់រូបនេះបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាលាដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យយល់ដឹង និង មានជំនាញពិតប្រាកដផ្នែកសិល្បៈខ្មែរគ្រប់ទម្រង់។ តួយ៉ាង កញ្ញា ព្រះកាយ ច័ន្ទ គឺជាសិល្បករមួយរូបដែលមានចំណេះជំនាញផ្នែករបាំនេះច្បាស់លាស់ ទើបរាល់ការសម្ដែងរឿងដែលមានការលាយចូលរបាំបុរាណតែងមានវត្តមាននាងមិនបាត់ឡើយ។
៥. តារាសម្ដែង សុគា គឹមលៀង
បើនិយាយពីស្រីស្រស់ សុគា គឹមលៀង វិញ មានឈ្មោះក្រៅថា កូនអាន គឺជាសិល្បករផ្នែកបុរាណ និង សម័យមួយរូបដែលកំពុងទទួលបានការគាំទ្រពីមហាជន។ ស្រីស្រស់រូបនេះមានជំនាញច្បាស់លាស់ផ្នែករបាំ និង តែងបង្ហាញវត្តមានក្នុងកម្មវិធីធំៗទាំងលំដាប់ជាតិ និង អន្តរជាតិ។ ជាពិសេស រាល់ថ្ងៃបុណ្យជាតិម្តងៗពុំដែលបាត់វត្តមាននាងនោះទេ មិនថាតួទេវតា ឬ អ្នករាំរបាំជាតួឯក៕