រូបសំណាក ហ្លួងព្រះស្ដេចកន ដ៏ធំនៅត្បូងឃ្មុំ រដ្ឋបាលខេត្តអះអាងថាយកតាមរចនាបថដើមទាំងស្រុងពីរូបសំណាកនៅក្នុងវត្តមួយ

តាមរយៈលិខិតរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលទទួលបាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ឱ្យបានដឹងថា នាពេលថ្មីៗនេះមានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គមមួយទៅពីរនាក់ បានបញ្ចេញមតិផ្សេងៗគ្នាជុំវិញរូបសំណាក ហ្លួងព្រះស្ដេចកន គង់លើសេះបែរទៅទិសខាងលិចថ្លែងសបី ដែលរដ្ឋបាលខេត្តបាន និង កំពុងសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ ៧ ដែលនាំឱ្យសាធារណជន មានការភាន់ច្រឡំទៅលើថ្នាក់ដឹកនាំខេត្ត។

ពាក់ព័ន្ធទៅនឹងករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការបំភ្លឺជូនសាធារណជន ឱ្យបានជ្រាបថា ដោយផ្អែកតាមតឹកតាងប្រវត្តិសាស្ត្រខ្មែរ តាំងពីចុងសតវត្សរ៍ទី ១៥ និង ដើមសតវត្សរ៍ទី ១៦ រហូតដល់ក្នុង រជ្ជកាលព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី ហៅថា ហ្លួងព្រះស្ដេចកន (១៤៨៣-១៥២៥) គឺជារាជាមុនដំបូងគេបង្អស់ ដែលបានបោះពុម្ពរូបិយវត្ថុជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូបនៃសុខសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និង តំណាងឱ្យអរិយធម៌ វប្បធម៌ថ្កើងថ្កានក្នុងតំបន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និង ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាផ្លូវការជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។

ក្នុងន័យនេះ ដើម្បីរក្សាកេរដំណែលរូបិយវត្ថុជាតិនាសម័យនោះ ដែលជាសត្យានុម័ត នៃសុខសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរពាក់ព័ន្ធដែលមានជំនាញខាង ប្រវត្តិសាស្ត្រខ្មែរ ដើម្បីធ្វើការសិក្សាស្រាវជ្រាវឈ្វេងយល់យ៉ាងហ្មត់ចត់អំពីប្រវត្តិរបស់ ហ្លួងព្រះស្ដេចកន តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនយ៉ាងប្រក្យត្ស ផ្សារភ្ជាប់ជាមួយទីតាំងជាក់ស្តែង (រូបសំណាក ហ្លួងព្រះស្ដេចកន នៅវត្តអង្គរក្នុង) រួចមកទើបសម្រេចសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់ គីឡូម៉ែត្រ នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំបន់បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយកំណត់យករូបសំណាក ហ្លួងព្រះស្ដេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែងសបី មានទម្ងន់ ១០ តោន កម្ពស់ ១១.៣៤ ម៉ែត្រ តាមរចនាបថដើមទាំងស្រុងនៃរូបសំណាក ហ្លួងព្រះស្ដេចកន ដែលតម្កល់នៅក្នុងវត្តអង្គរក្នុង ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង