ខេត្តសៀមរាបនឹងប្រារព្ធពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីរយៈពេលបីថ្ងៃដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនៅភ្នំបូកគោ

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ នៃក្រុងបូកគោ ខេត្តកំពត នឹងក្លាយទៅជាព្រះបដិមាដ៏ធំនិងខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងនេះ មិនត្រឹមតែជាទីសក្ការៈដល់ពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយទៅជាតំបន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលថែមទៀតផង ។

ទន្ទឹមគ្នានេះនៅចុងខែមិថុនាខាងមុខចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនានឹងមានពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យចូល រួមចំណែកកសាងព្រះពុទ្ធប្បដិមានេះដែលនឹងប្រារព្ធទៅនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ។ដើម្បីញ៉ាំងកម្មវិធីបុណ្យឲ្យកាន់តែអធឹកអធម អ្នករៀបចំកម្មវិធីបានសូមនិមន្ត យាង និងគោរពអញ្ជើញ ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទចូលរួមចាប់មគ្គផល ដើម្បីទទួលយកបុណ្យកុសល ទៅតាមសទ្ធាជ្រះថ្លា រៀងៗខ្លួន កុំបីខាន ។

សូមជម្រាបជូនផងដែរថា ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត ៕

ប្រភព៖ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង