បាតុកម្មនៅបាងកក កាន់តែធ្ងន់ធ្ងរ ខណៈក្រុមបាតុករ ប្រកាសហែក្បួន ឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេង
ដោយសារតែគ្មានដំណោះស្រាយ ពេលនេះ មេបាតុកម្ម លោក ម៉ាណូ គ្រឿកែវ មកពីភាគខាងត្បូង បាន បញ្ជាក់ពីការបន្តយុទ្ធនាការតវ៉ាឱ្យរឹតតែយូរ ហើយប្រកាសពីផែនការហែក្បួនទៅកាន់ រោងចក្រចម្រាញ់ប្រេង Bangchak ក្នុងទីក្រុងបាងកក ទៀតផង ដើម្បីដាក់សម្ពាធ ឱ្យនាយករដ្ឋមន្ត្រី អានុទីន ព្រមតាមការទាមទាររបស់ពួកគេ។

តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦, ផែនការនេះ បានរៀបចំឡើង ក្រោយបែកធ្លាយព័ត៌មានថា រោងចក្រនេះ លួចនាំប្រេងចេញ មិនខ្វល់អំពីផលលំបាករបស់ពលរដ្ឋថៃ ខណៈពួកគេកំពុងរងទុក្ខ ព្រោះតែតម្លៃប្រេងសាំង កំពុងហក់ឡើងខ្ពស់។
ថ្លែងនៅក្បាលស្ពាន Chamai Marucheth លោក ម៉ាណូ និយាយថា មានកប៉ាល់ដឹកប្រេងមួយគ្រឿង បានចូលចតនៅក្រុងស្រីរាជា ហើយបន្ទាប់មកបានបើកចេញ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ តាមដឹង កប៉ាល់នោះមានជាប់ពាក់ព័ន្ធជាមួយ រោងចក្រចម្រាញ់ប្រេង Bangchak ដែលកំពុងព្យាយាម កើបប្រាក់ចំណេញបានយ៉ាងច្រើន។

បាតុករ នឹងដង្ហែក្បួនទៅកាន់រោងចក្រនោះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយទាមទារឱ្យមានការបកស្រាយ និងផ្តល់ចម្លើយពិតប្រាកដ។
ការប្រកាសនេះ កើតឡើងស្របពេល លោកម៉ាណូ បបួល នាយករដ្ឋមន្ត្រីអានុទីន និងរដ្ឋមន្ត្រីក្រសួងថាមពល អេកាណាត់ ព្រហ្មផាន់ ឱ្យឡើងវេទិកា និយាយតទល់គ្នាបង្ហាញការពិត ហើយភ្នាល់ថា បើពួកគេចាញ់ ត្រូវចុះចេញពីតំណែង។បាតុកម្ម «រណសិរ្សបដិវត្តន៍ប្រជាជន ដើម្បីការពារទឹកដី» កាន់តែមានទំហំធំទៅៗ ក្រោយមានការចូលរួមពីសំណាក់បាតុករ មកពីតាមបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេសថៃ ខណៈពួកគេមានបំណងជួបជុំគ្នាតវ៉ា រយៈពេល ៣០ថ្ងៃពេញ។

ដំបូងឡើយ បាតុករដាក់លក្ខខណ្ឌត្រឹមតែ ៣ចំណុចប៉ុណ្ណោះ ពោលគឺទាមទារឱ្យរដ្ឋាភិបាលអានុទីន បញ្ចុះតម្លៃប្រេងសាំង ១០បាត, បង្កើនការបង្ក្រាបគ្រឿងញៀន និងស៊ើបអង្កេត-ចាប់ខ្លួន បុគ្គលដែលពាក់ព័ន្ធជាមួយ Scam ដែលសូម្បីតែអ្នកនយោបាយ ក៏ជាប់សង្ស័យផងដែរ។
យ៉ាងណា ឥឡូវ បាតុករ បានដាក់ការទាមទារបន្ថែមទៀត ដូចជា តម្រូវឱ្យរដ្ឋាភិបាលទីក្រុងបាងកក ធ្វើយ៉ាងណា ដោះស្រាយបញ្ហាធ្លាក់ថ្លៃផលដំណាំកសិកម្មឱ្យបាន៕
