ថៃ ចុះបង្រ្កាបឃ្លាំងស្តុកពោះវៀនជ្រូកស្អុយគគ្រុកមួយកន្លែងរបស់ចិន ដែលត្រៀមដឹកលក់ចែកចាយទូទាំងប្រទេសថៃ

ថ្មីៗនេះ ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) ផ្នែកបង្ក្រាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច (ECD) ចូលរួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានចុះអន្តរាគមន៍បង្រ្កាបឃ្លាំងមួយកន្លែងស្ថិតនៅក្នុងខេត្តសាមុតសាខន បន្ទាប់ពីរកឃើញថា មានការនាំចូល និងរក្សាទុកពោះវៀនជ្រូកប្រឡាក់អំបិលពីប្រទេសចិនដោយខុសច្បាប់។

ការចុះប្រតិបត្តិការនេះ​ បាន​ឈាន​ដល់​ការ​ចាប់​ខ្លួនស្រ្តីម្នាក់ដែលជាម្ចាស់ឃ្លាំង ដែលបានជួលឱ្យជនជាតិចិន ហើយ​រឹបអូស​បាន​វត្ថុ​តាង​ជា​ពោះវៀន​សត្វ​​ប្រឡាក់​អំបិល​ខ្ចប់​ក្នុង​ធុង​ចំនួន​ ៥១៤ ធុង និង ​បាវ​ជី​អ៊ុយ​រ៉េ​ សរុប​ប្រមាណ​៤១.១២០​ គីឡូក្រាម ដែលមាន​តម្លៃ​ជាង ​១០​ លាន​បាត។ ដោយឡែក សភាពនៅក្នុងឃ្លាំងនោះ មានការខ្វះអនាម័យយ៉ាងខ្លាំង គឺពោរពេញដោយសាកសពសត្វជាច្រើន ដែលចោលក្លិនស្អុយរលួយពេញឃ្លាំងតែម្តង។

តាមស្រ្តីជាម្ចាស់ឃ្លាំងបានឱ្យដឹងថា ទំនិញទាំងអស់នេះគឺជារបស់ជនជាតិចិនម្នាក់ ដែលបានជួលខ្លាំងរបស់ខ្លួនយកទៅរកស៊ី។ ដោយឡែក ខាងអាជ្ញាធរបានសន្និដ្ឋានថា គ្រឿងពោះវៀនសត្វទាំងអស់នេះ អាចនឹងត្រូវបានរៀបចំបញ្ជូនទៅលក់ឱ្យហាងអាហារផ្សេងៗក្នុងប្រទេសថៃ៕

ប្រភព៖ AMARINTV

អត្ថបទដែលជាប់ទាក់ទង