ជនសង្ស័យ ១ ក្រុម ប្លន់ម៉ូតូ ១ គ្រឿង ពីយុវជនម្នាក់ដឹកអីវ៉ាន់អនឡាញបានសម្រេច នៅខណ្ឌសែនសុខ

ជនសង្ស័យ ១ ក្រុម មាន​គ្នា ៣ នាក់ បាន​ធ្វើ​សកម្មភាព​យក​ដែក​ឆាប​ចាក់​ទៅ​លើ​យុវជន​ម្នាក់​ជា​អ្នក​ដឹក​ទំនិញ​អន​ឡាញ រួច​ប្លន់​យក​ម៉ូតូ​ម៉ាក និ​ច បាន​សម្រេច។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០២៥ នៅ​ផ្លូវ ២០០២ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ សឿង រដ្ឋា ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​អន​ឡាញ ស្នាក់នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ មាន​ស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

តាម​សម្ដី​ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​និច ពណ៌​ក្រហម ស៊េរី ២០២៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1KU-5812 ដឹក​ម្ហូប​ឲ្យ​ភ្ញៀវ​នៅ​ផ្លូវ ២០០២ ហើយ​ក៏​ឈប់​ចត​រង់ចាំ​ភ្ញៀវ ដោយ​ចុះ​ពី​លើ​ម៉ូតូ តែ​មិន​បាន​ដក​សោ​ម៉ូតូ។ លុះ​បន្ទាប់មក ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា ៣ នាក់ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ឌ្រី​ម​សង់ ​ស៊េរី ២០២២ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​យក​ដែកឆាប​មុខ​ស្រួច​មក​ដេញ​ចាក់​ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​រត់ចោល​ម៉ូតូ ចំណែក​ជនសង្ស័យ​នាំ​គ្នា​យក​ម៉ូតូ​ជិះ​គេច​បាត់​តែម្ដង។

ក្រោយពេល​កើត​ហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​មក​ដល់ ហើយ​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូ​បែកក្អម ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង