សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរ ពិនិត្យជាប្រចាំលើរោងចក្រសហគ្រាស បង្ហូរទឹកកខ្វក់ចូលប្រភពទឹកសារធារណៈ ដោយមិនឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម

(កណ្តាល)៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំនៅគ្រប់រាជធានី ខេត្ត ជាពិសេស ខេត្តជាប់ទន្លេ និងសមុទ្រ ត្រូវយកចិត្តទុកដាក់ ពិនិត្យជាប្រចាំចំពោះសកម្មភាពរបស់រោចក្រ សហគ្រាសនានា ដែលបង្ហូរទឹកចូលក្នុងប្រភពទឹកសាធារណៈ ដោយត្រូវរៀបចំប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ មុននឹងបង្ហូរចេញពីរោងចក្រ ។

សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំគ្រប់គ្រងឱ្យបាននូវការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបង្ហូរចូលប្រភពទឹកសាធារណៈ គឺមានសារៈសំខាន់ណាស់ បើមិនដូច្នេះទេ នឹងផ្តល់ផលប៉ះពាល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងផលិតកម្មឧស្សាហកម្ម នានា។ ជាក់ស្តែងកាលពីពេលកន្លងទៅ ក៏មានរោងចក្រមួយនៅខេត្តបាត់ដំបង ធ្លាប់បង្ហូរទឹកកខ្វក់ ដោយមិនបានធ្វើប្រព្រឹត្តិកម្ម ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ ។

សម្តេច ថា ចឹងកិច្ចការងារនេះ សូមឱ្យយកចិត្តទុកដាក់ ជាពិសេសរាជធានីខេត្តរបស់យើង និងជាពិសេសនៅតាមបណ្តាខេត្តដែលជាប់ទន្លេ និងសមុទ្រ ធ្វើយ៉ាងរោងចក្រសហគ្រាសដែលនៅជិតនោះ បង្ហូរទឹកចូលត្រូវធ្វើយ៉ាងម៉េចឱ្យទឹកនោះត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មឱ្យបាន ។ សម្តេចបានកត់សម្គាល់ថា មានរោងចក្រមួយចំនួនបានផលិតនូវវត្ថុធាតុដើមដែលមានសារធាតុគីមីខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងការបង្ហូរទឹកកខ្វក់ចូលទឹកប្រភពទឹកសាធារណៈ ។

សម្តេចធិបតី ក៏បានណែនាំដល់ មន្ទីរបរិស្ថាន និងមន្ទីរជំនាញរបស់ខេត្ត នីមួយៗ ត្រូវត្រួតពិនិត្យជាប់ជាប្រចាំ និងមិនត្រូវមានការយោគយល់ចំពោះរោងចក្រ សហគ្រាសដែលប្រព្រឹត្តខុសឡើយ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា បើសិនជាក្រុមហ៊ុននោះ បង្ហូរទឹកកខ្វក់ចូល ត្រូវផ្អាកដំណើរការរោងចក្រសហគ្រាសនោះបណ្តោះអាសន្នសិន រហូតដល់ពួកគេដោះស្រាយរួច ទើបបើកដំណើរឡើងវិញ បើមិនដូច្នេះទេ នឹងមានបញ្ហាសុខភាពដល់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង