រដ្ឋមន្ត្រី ហួត ហាក់ ចុះពិនិត្យការរៀបចំស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះទស្សនា និងឈ្វេងយល់ពីការរៀបចំស្បៃខ្មែរ ព្រមទាំងបច្ចេកទេសប៉ាក់ឌិនស្បៃ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា ក៏បានអញ្ជើញចូលរួមឈ្វេងយល់ដោយផ្ទាល់ពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនលើស្បៃនេះផងដែរ។

ស្បៃខ្មែរ គឺជាសម្លៀកបំពាក់ប្រពៃណីដ៏ប្រណិត ដែលឆ្លុះបញ្ចាំងពីភាពឆើតឆាយ អត្តសញ្ញាណវប្បធម៌ និងស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។ ស្បៃត្រូវបានប្រើប្រាស់តាំងពីបុរាណកាលមក និងបន្តវិវឌ្ឍរហូតដល់បច្ចុប្បន្ន ដោយមានការត្បាញ និងតុបតែងលម្អយ៉ាងល្អិតល្អន់ ជាមួយក្បាច់រចនាដែលផ្សារភ្ជាប់នឹងសិល្បៈខ្មែរ និងតំណាងឱ្យភាពរុងរឿង ថ្កុំថ្កើន និងសុភមង្គល។

ការរៀបចំស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូក្នុងឱកាសនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិប្រកបដោយភាពកក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកកម្ពស់ និងផ្សព្វផ្សាយសិល្បៈហត្ថកម្ម អត្តសញ្ញាណ និងសម្បត្តិវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង