សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រ ដើម្បីជាការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ
(ឌីលី)៖ កម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់ទីម័រ ដើម្បីជាការរួមចំណែក ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភាជាតិទីម័រឡេស្តេ ទីក្រុងឌីលី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវក្តីដឹងគុណចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្ររបស់កម្ពុជា និងភាពសកម្មរបស់សម្តេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រ ជាសមាជិកអង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ ហើយតួអង្គសម្តេចតេជោ បានបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ ។ លោកជំទាវក៏បានអរគុណកម្ពុជា នាពេលកន្លងទៅ ដែលបានជួយដល់ទីម័រឡេស្តេ ក្នុងបរិបទកូវីដ១៩ ដែលបានជួយផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់ទីម័រឡេស្តេ ក្នុងភាពដ៏លំបាកនោះ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច នឹងមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៍របស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្តេ ហើយបាឋកថានោះ នឹងរំលេចពីបទពិសោធន៍របស់កម្ពុជា មុនចូលអាស៊ាន ជាសមាជិកអាស៊ាន និងទស្សនរបស់សម្តេចតេជោ ជុំវិញអាស៊ាន និងពិភពលោក។ សម្តេចតេជោ បានរំលេចពីទំនាក់ទំនងរវាងសម្តេចតេជោ ជាមួយទីម័រឡេស្តេ ដែលមកដល់ពេលនេះ ក្លាយជាទំនាក់ទំនងដ៏រឹងមាំ។ សម្តេចតេជោ ក៏បានជម្រាបទៅប្រធានសភាទីម័រឡេស្តេឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ ការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេសការពង្រីកនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគជាមួយគ្នាបន្ថែមទៀត ឱ្យបានកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ បានរំលេចពីកិច្ចសហការគ្នា ក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលប្រទេសទាំងពីរ ត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាទីម័រឡេស្តេ បានសំដែងនូវក្តីរីករាយ ចំពោះការលើកឡើងរបស់សម្តេចតេជោ ពិសេស ការបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ។ លោកជំទាវ ថា នឹងរកពេលសមស្របណាមួយ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេស មុនផុតអាណត្តិរបស់លោកជំទាវ ដែលលោកជំទាវចង់ឃើញប្រទេសកម្ពុជានៅពេលខាងមុខ ។ លោកជំទាវបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រឡេស្តេ បន្តការសិក្សានៅកម្ពុជានាពេលកន្លងមក ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ។
សម្តេចតេជោ ក៏បានឆ្លើយតបថា នៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់ទីម័រ ដើម្បីជាការរួមចំណែក ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រផងដែរ ។
បន្ទាប់ពីជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តធ្វើបទឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាទីម័រឡេស្តេ ដែលជាបាឋកថាកម្រមាន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ។ អ្វីដែលជាការកត់សម្គាល់ តំណាងបក្សនយោបាយចំនួន៥ នៅទីម័រឡេស្តេ បានឡើងបង្ហាញចំណាប់អារម្មណ៏រៀងខ្លួន ដោយក្នុងចំណោមតំណាងបក្សនយោបាយទាំង៥ នៅក្នុងរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញ នូវការស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូ ដោយបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងប្រតិភូនៅពេលនេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រឡេស្តេ។ បន្ថែមពីលើនេះ បណ្តាសមាជិក នៃបណ្តាបក្សនយោបាយទាំងនោះ បានបង្ហាញនូវការលើកឡើងដូចគ្នា នូវការអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេគ្រប់កាលៈទេសៈ ជាពិសេស ការជ្រោមជ្រែងទីម័រឡេស្តេ ឱ្យបានចូលជាអ្នកសង្កេតការណ៏អាស៊ាន និងជួយជ្រោមជ្រែងឱ្យទីម័រឡេស្តេ អាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។ តំណាងគណបក្សនយោបាយទាំង៥ បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ នៅពេលនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រសម្រាប់ទីម័រឡេស្តេ ហើយសង្ឃឹមថា ប្រទេសទំាងពីរ នឹងបន្តពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ។
ក្នុងបទឧទ្ទេសនាមនេះ សម្តេចតេជោ បានរំលេចនូវចំណុចសំខាន់ចំនួន៣ ក្នុងនោះ ទី១៖ ទំនាក់ទំនងកម្ពុជា ទីម័រឡេស្តេ ចាប់តាំងពីការបង្កើតទំនាក់ទំនងនៅ ខែកក្កដា ឆ្នាំ២០០២មក។ ទី២. បទពិសោធន៍របស់កម្ពុជា ចូលជាសមាជិកអាស៊ាន៖ សម្តេចតេជោ បានរៀបរាប់ពីបទពិសោធន៏ ដើម្បីឱ្យសមាជិកសភាទីម័រឡេស្តេ និងអ្នកចូលរួម បានដឹងពីបទពិសោធន៍របស់កម្ពុជា ដែលទំរាំបានចូលជាសមាជិកអាស៊ាន និងបញ្ជាក់ពីគោលដៅ ដែលកម្ពុជា ចូលជាសមាជិកអាស៊ានចំនួន៤៖ គឺទី១. អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់សមាជិកដទៃទៀត, ទី២. ការសម្រេចដោយកុងសង់ស៊ីស មិនថាប្រទេសតូច រឺប្រទេសធំ ដោយស្មើភាពគ្នា, ទី៣.
ការអភិវឌ្ឍសេដ្ឋកិច្ចនៅពេលចូលជាសមាជិកអាស៊ាន, ទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូត ជាច្រកនៃការពង្រីកការទូតរបស់កម្ពុជា ដោយភ្ជាប់ទំនាក់ទំនង តាមរយៈយន្តការអាស៊ាន។
សម្តេចតេជោ ក៏បានរំលេចពីតួនាទីរបស់អាស៊ាន ជាពិសេស អាស៊ាន និងពិភពលោក ដែលជួយពង្រីកសក្តានុពលអាស៊ានបន្ថែមទៀត ស្របពេលដែលអង្គការអន្តរជាតិមួយចំនួន កំពុងតែចុះខ្សោយនូវឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ៕