ក្រសួងប្រកាសហាមនាំចូលសត្វពាហនៈ និង ផលិតផលសាច់សត្វបណ្តោះអាសន្នពីច្រកព្រំដែនថៃទាំងអស់ ដើម្បីបង្ការជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់
នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ ខណៈក្រសួង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យ និង ធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងករណីនេះ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និង ផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖