បុរស២នាក់ជាម្ចាស់ទីតាំងខារ៉ាអូខេ KTV និងម្ចាស់ផ្ទះសំណាក់ ត្រូវបានឃាត់ខ្លួន ហើយស្រ្តី៨នាក់ត្រូវបានសង្រ្គោះចេញពីការបំរើសេវាកម្មផ្លូវភេទ ស្ថិតក្នុងភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈ បុរស២នាក់ជាម្ចាស់ទីតាំងខារ៉ាអូខេ KTV និងម្ចាស់ផ្ទះសំណាក់ ត្រូវបានឃាត់ខ្លួន ហើយស្រ្តី៨នាក់ត្រូវបានសង្រ្គោះចេញពីការបំរើសេវាកម្មផ្លូវភេទ ស្ថិតក្នុងភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា។
ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល នាថ្ងៃចន្ទ ទី១៩ ខែឧសភា ដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ។
កម្លាំងនគរបាលបានបើកប្រតិបត្ដិការស្រាវជ្រាវ និងឆ្មក់ចូលទីតាំង ខារ៉ាអូខេយីហោ នាគ មាស និងផ្ទះសំណាក់យីហោ សុខ សាន្ត ស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង។ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស២នាក់ ដែលជាម្ចាស់ទីតាំង KTV និង ផ្ទះសំណាក់។ ក្នុងនោះ មាន ឈ្មោះ ឃ្លាំង ភារម្យ អាយុ ៣៥ឆ្នាំ ជាម្ចាស់ទីតាំងខារ៉ាអូខេ KTV នាគ មាស និងឈ្មោះ តុញ ខ្លី អាយុ ៣៧ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ សុខ សាន្ត។
នគរបាលបញ្ជាក់ថា៖«ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល បានធ្វើការសង្គ្រោះនារីវ័យក្មេង និងនារីចំណាស់ បានចំនួន ៨នាក់។ ក្នុងនោះ ជាអនីតិជន ៥នាក់និងធ្វើការចាប់យក ដកហូតស្រោមអនាម័យដែលភ្ញៀវប្រើប្រាស់រួច ចំនួន២ស្រោម»។
ផ្អែកលើភស្ដុតាង និងចម្លើយសារភាព សមត្ថកិច្ចបានធ្វើការបញ្ជូនម្ចាស់ទីតាំងរួមជាមួយ នារីរងគ្រោះទាំង៨នាក់ មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ។
ក្មេងស្រីរងគ្រោះទាំង៥នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្ត ដើម្បីធ្វើការរកដៃគូរ សហការបណ្ដុះបណ្ដាលជំនាញតាមលទ្ធភាពជួយដល់ពួកគេ។ រីឯម្ចាស់ទីតាំង ត្រូវបានកសាងសំណុំរឿងបញ្ចូន ទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។
កាលពីខែសីហា ឆ្នាំ២០២៤កន្លងមក នគរបាលក៏បានបង្រ្កាប ខារ៉ាអូខេ យីហោ បុប្ផាថ្មី ស្ថិតនៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងដែរ ដោយបានរកឃើញនារីមិនទាន់គ្រប់អាយុ និងអ្នកពាក់ព័ន្ធផ្តល់សេវាផ្លូវភេទជាង១០នាក់៕