ទូតវៀតណាមថ្មី រំពឹងថាកម្ពុជា-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីថ្ងៃទី២០ ឧសភា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា បានដាក់ក្ដីសង្ឃឹមលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ បើតាមឯកអគ្គរដ្ឋទូតថ្មី រដ្ឋាភិបាលវៀតណាម កំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមានការផ្តល់អាហារូបករណ៍ និងបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា។
បន្ទាប់ពីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ លោក Nguyen Minh Vu បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ យុវជន និងកីឡានាពេលកន្លងមក។
«វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមានការផ្តល់អាហារូបករណ៍ បង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ការផ្លាស់ប្តូរបទពិសោធ វប្បធម៌ និងកម្មវិធីផ្សេងៗជាច្រើនទៀត»។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ដោយឡែក លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ។ រដ្ឋមន្រ្តីអប់រំ ចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក ហង់ជួន ណារ៉ុន អរគុណរដ្ឋាភិបាលវៀតណាម ដែលតែងតែបានផ្តល់ការគាំទ្រ និងជំនួយជាច្រើនដល់វិស័យអប់រំនៅកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ និងបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមជាដើម។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា៕