ក្រសួងព័ត៌មាន ធ្វើកំណែទម្រង់ដើម្បីបំពេញតួនាទីជាស្ថាប័នសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ
ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងព័ត៌មានបានចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃបញ្ចប់កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យមើលលទ្ធផលការងារកំណែទម្រង់ទាំង៣របស់ ក្រសួងព័ត៌មាន រួមមាន៖ រដ្ឋបាលសាធារណៈ, វិមជ្ឈការនិងវិសហមជ្ឈការ និងហិរញ្ញវត្ថុសាធារណៈ។
បើតាមឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អំពីមូលហេតុនៃ ការធ្វើកំណែទម្រង់នេះថា «បើសិនជាយើងមិនធ្វើកំណែទម្រង់ ៩៩ភាគរយ យើងស្លាប់ តែបើយើងធ្វើកំណែទម្រង់ ៩៩ភាគរយ គឺយើងរស់»។ ទន្ទឹមនេះ ក្រសួងព័ត៌មានចាំបាច់ត្រូវ ធ្វើកំណែទម្រង់ដែល មិនមែនផ្តោតតែទៅលើការដឹកនាំ ការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នោះទេ ក៏ប៉ុន្តែដើម្បីឆ្លើយតបអោយបាននូវតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ពោលគឺ ការផ្សព្វផ្សាយព័ត៌មាន ដោយនាំយកនូវគោលនយោបាយផែនការសកម្មភាពច្បាប់ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និងនាំមកវិញនូវអ្វីដែលជាសេចក្តីប៉ងប្រាថ្នា និងសំណូមពររបស់ ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ ដោយជាព័ត៌មានពិត រហ័ស និងដោយមានទំនុកចិត្ត។ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈសំដៅប្រមូលកម្លាំងសហការគ្នាជាធ្លុងមួយលើកជ្រោងសសរស្តម្ភនៃការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍ ដើម្បីចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិទន់ជ្រាយ និងបាត់បង់ទំនុកចិត្តនោះនឹងធ្វើឱ្យសង្គមជាតិជួបនឹងបញ្ហាជាជាច្រើននឹងកើតមានឡើងនៅក្នុងសង្គមជាតិ គឺបញ្ហាអស្ថិតភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមជាដើម។
យោងតាមរបាយការណ៍ស្តីពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈបានធ្វើឡើងតាមរយះ លើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ព្រមទាំង បានវិភាគមុខងារទៅលើតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រសួងខ្លួនឯងរួចរាល់ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ពីដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការងារបំពេញតួនាទីឱ្យកាន់តែសកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ដើម្បីសម្រេចបានគោលដៅនេះក្រសួងព័ត៌មានបានលើកនូវសូចនាករចំនួន៥ ពោលគឺទី១៖ ការផ្លាស់ការផ្សាយទូរសទស្សន៍ពីប្រព័ន្ធអាណាឡូកទៅឌីជីថ, ទី២៖ ការអភិវឌ្ឍវិស័យព័ត៌មាន, ទី៣៖ ការពង្រឹងមូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍, ទី៤៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីធានាសន្តិសុខព័ត៌មាន របស់ប្រជាពលរដ្ឋ និងទី៥៖ ការកសាងមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់។
កន្លងមកនេះ ក្រសួងព័ត៌មានបានបង្កើត និងពង្រឹងយន្តការការងារនៅថ្នាក់ក្រោមជាតិ តាមរយៈ ការលើកកម្ពស់តួនាទី និងភារកិច្ច របស់មន្ទីរព័ត៍មានរាជធានី- ខេត្តទាំង២៥ លើការគ្រប់គ្រង ព័ត៌មាន និងសោតទស្សន៍ និងការងារសាធារណមតិប្រកបដោយ ប្រសិទ្ធភាព ជាពិសេសក្នុង បរិការណ៍នៃបរិវត្តកម្មឌីជីថល និង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីគ្រប់គ្រងសតិអារម្មណ៍ ប្រជាពលរដ្ឋនិងទប់ស្កាត់ប្រភពព័ត៌មានក្លែងក្លាយ ដែលកើតចេញពីមូលដ្ឋាន។
សូមបញ្ជាក់ថា ស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាព សង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។
ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់សម្រាប់ បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋដែលស្ថិតក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន
ទាមទារអោយមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវដើរឱ្យទាន់បច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល បូករួមនឹងភាពជឿនលឿនកាន់តែខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត៕