អភិបាលខេត្តបាត់ដំបង ណែនាំអភិបាលក្រុង ស្រុក ត្រូវផ្ដោតការយកចិត្តទុកដាក់ លើការរៀបចំអនាម័យបរិស្ថាន

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវផ្ដោតការយកចិត្តទុកដាក់លើការរៀបចំអនាម័យបរិស្ថាន រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន។

ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំអាជ្ញាធរក្រុងបាត់ដំបងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងស្ទឹងសង្កែ ហាមមិនឱ្យមានការនេសាទ ការជិះម៉ូតូទឹកនៅក្នុងស្ទឹងសង្កែក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ព្រមទាំងជំរុញការរៀបចំសណ្ដាប់ធ្នាប់និង កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅបរិវេណវត្តកណ្ដាល។

ឯកឧត្តម សុខ លូ ណែនាំដល់អាជ្ញាធរក្រុង និងមន្រ្តីជំនាញគិតគូររៀបចំកែលម្អផ្លូវឡាអេ ក្រុងបាត់ដំបងឱ្យមានផ្លូវជិះកង់ ផ្លូវដើរ និងមានចំណតរថយន្តត្រឹមត្រូវ។

ស្របពេលដែលរដូវវស្សាបានចូលមកដល់ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ បានក្រើនរំលឹកមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយបង្កើនការដាំដើមឈើនៅតាមទីប្រជុំជនបន្ថែមទៀត។

ឯកឧត្តម សុខ លូ ណែនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមឧបត្ថម្ភគាំទ្រក្នុងយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តម ណែនាំឱ្យក្រុមការងារត្រូវជួយជំរុញដល់ប្រជាពលរដ្ឋឱ្យទៅធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោត ខណៈនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវគិតគូរ និងត្រៀមលក្ខណៈលើការរៀបចំពិធីបុណ្យអុំទូក ធ្វើយ៉ាងណាឱ្យពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចបណ្ដាឆ្នាំមុនៗ៕

អត្ថបទដែលជាប់ទាក់ទង