ឆ្លើយតបនឹងភាគីថៃ តើហេតុអ្វីត្រូវខ្លាច Facebook របស់ សម្តេចតេជោ ហ៊ុន សែន?
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននៅយប់ថ្ងៃទី ១៧ មិថុនានេះ បានឆ្លើយតបចំពោះការចេញផ្សាយព័ត៌មានរបស់កាសែត The Nation របស់ប្រទេសថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដែលបានរាយការណ៍អំពីការបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែនខ្មែរថៃ ដែលត្រូវបានអះអាងថា កើតចេញពីការបង្ហោះសារព័ត៌មានប្រចាំថ្ងៃលើបណ្តាញសង្គមរបស់សម្តេច បើគ្រាន់តែ សម្តេចតេជោ គ្រាន់តែ និយាយការពិត ពន្យល់ការពិត ។
សម្តេចតេជោ បានឲ្យដឹងលើទំព័រ Facebookថា៖ ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ! ខ្ញុំគ្រាន់តែ និយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»។
សម្តេចតេជោបានបន្តថា ការនិយាយការពិតនៅលើបណ្តាញសង្គម គឺជាការប្រើសិទ្ធិស្មើរគ្នា ដើម្បីការពារព័ត៌មានសង្គម និងជាតិសាសន៍ មិនមែនជាការបង្ករឧក្រិដ្ឋកម្មនយោបាយឡើយ៕