ភាគខាងត្បូងថៃ កើតមានអំពើហិង្សា បាញ់សម្លាប់ទាហានប៉ារ៉ា ស្របពេលស្ថានការណ៍ជាមួយមីយ៉ាន់ម៉ា ក៏មិនស្រួល

ព្រំដែនថៃ គ្រប់ជ្រុងសុទ្ធតែតានតឹង! ស្របពេលនៅខាងមីយ៉ាន់ម៉ា កំពុងឡើងកម្តៅទៅហើយនោះ បើងាកទៅភាគខាងត្បូងឯណោះ អំពើហិង្សាក៏មិនធូរស្រាលដែរ។ ជាក់ស្តែង កាលពីរាត្រីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការវាយប្រហារទៀតហើយលើមន្ត្រីយោធាថៃ ដែលគេដាក់ការសង្ស័យ និងចោទប្រកាន់ថា ជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួន។

(រូប៖ Amarin TV)

តាមសេចក្តីរាយការណ៍របស់ Amarin TV ទាហានប៉ារ៉ាម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នាវេលាម៉ោង ៧:១០នាទីយប់ ក្នុងឃុំ Riko នៃស្រុក Suai Padiនៅខេត្ត Narathiwat។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Attapon Yaodam មកពីអង្គភាពល្បាតព្រៃលេខ ៤៨១០ ដែលត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់នៅនឹងកន្លែង នៅឯផ្ទះភរិយារបស់គាត់។

(រូប៖ Amarin TV)

ក្រោយកើតហេតុ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេត រកមូលហេតុពិតនៅពីក្រោយការវាយប្រហារនេះ។

ហេតុការណ៍នេះ គឺជាករណីមួយទៀត ដែលសបញ្ជាក់ពីភាពអសន្តិសុខ និងអំពើហិង្សា ដែលកើតឡើងសឹងរាល់ថ្ងៃនៅប៉ែកខាងត្បូងប្រទេសថៃ ខណៈនៅប៉ែកខាងលិច ក៏កំពុងមានការប្រឈមមុខដាក់គ្នាជាមួយ អ្នកជិតខាង គឺមីយ៉ាន់ម៉ា ផងដែរ។

(រូប៖ Amarin TV)

នៅទីនោះ សមរភូមិប្រយុទ្ធនៅខាងមីយ៉ាន់ម៉ា តែងរាលដាលចូលដីខាងថៃ ជាពិសេសគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង បានហោះចូលខេត្ត Tak និង​ Mae Hong Son ធ្វើឱ្យកងកម្លាំងពិសេស Rajamanu ស្ថិតក្រោមបញ្ជាការដ្ឋានកងកម្លាំង Naresuan ដាក់ពង្រាយកម្លាំងបន្ថែមច្រើនឡើងៗ និងបង្កើនការល្បាត ២៤ម៉ោង លើ ២៤ម៉ោង ថែមទាំងប្រុងជើងការជាប់ជានិច្ច បើស្ថានការណ៍ធ្ងន់ធ្ងរ។

មិនត្រឹមកងទ័ពជើងគោក ថៃក៏បញ្ជូនទ័ពអាកាសផងដែរ មានទាំងដ្រូន និងយន្តហោះចម្បាំង F-16 ទៀតផង ហើយជាពិសេសចុងក្រោយបំផុតនេះ ពោលគឺនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កងទ័ពថៃ បានបាញ់គ្រាប់ភ្លើងព្រមាន បន្ទាប់ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ធ្វើឱ្យគ្រាប់កាំភ្លើងហោះឆ្លងដែន ចូលស្រុក Mae Sot នៃខេត្ត Tak។

គ្រាប់ពីខាងមីយ៉ាន់ម៉ា បង្កការភិតភ័យក្នុងចំណោមពលរដ្ឋថៃ នៅព្រំដែន ក្នុងករណីខ្លះ វាបានកម្ទេចផ្ទះសម្បែង និងបណ្តាលឱ្យមានការជម្លៀសមនុស្ស ទាំងប្រថុចញ៉ុច ទៀតផង ខណៈអ្នកមិនព្រមចេញ ក៏ទ្រាំរស់នៅទាំងព្រលឹងចុងសក់ រាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង