នាយករដ្ឋមន្ត្រីថៃ ពិតជាបានរិះគន់មេភូមិភាគ២ និងលោមសម្តេច ហ៊ុន សែន ចរចារឿងបើកព្រំដែន

សំឡេងសន្ទនាតាមទូរសព្ទរយៈពេលប្រមាណ៩នាទីដែលបានបែកធ្លាយតាមបណ្តាញសង្គម ត្រូវបានសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ អះអាងជាបន្តបន្ទាប់ថា ជាសំឡេងពិត។ មេបក្សកាន់អំណាចកម្ពុជា បានបញ្ជាក់បែបនេះនៅលើបណ្តាញសង្គមរបស់ខ្លួន ហើយបើតាមការផ្សាយរបស់កាសែត The Nation លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏បានទទួលស្គាល់ផងដែរ។

ក្នុងសារសំឡេងដែលបែកធ្លាយជាង៩នាទីនាថ្ងៃទី១៨ ខែមិថុនា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន បានភ្ជាប់ទំនាក់ទំនងតាមទូរសព្ទជាមួយសម្តេច ហ៊ុន សែន ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ។ លោកស្រីបានចាប់ផ្តើមដោយការសួរសុខទុកអំពីស្ថានភាពសុខភាពរបស់សម្តេច ហ៊ុន សែន។ គេអាចដឹងថា កិច្ចសន្ទនានោះ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមិថុនា ដោយសារសម្តេច ហ៊ុន សែន បានលើកឡើងពីទិវាបុណ្យឪពុក។

លោកស្រីនាយករដ្ឋមន្ត្រីថៃ បានអះអាងប្រាប់សម្តេច ហ៊ុន សែន ថា លោកស្រីពិតជាចង់បានសន្តិភាព ស្ថិរភាពរវាងប្រទេសទាំងពីរ ដោយលោកស្រីស្នើសម្តេចកុំស្តាប់សម្តីមេយោធាភូមិភាគ២ លោក Boonsin Padklang ព្រោះបុគ្គលនោះ គឺជាអ្នកប្រឆាំងរដ្ឋាភិបាលថៃផងដែរ។

តាមការបកប្រែរបស់លោក ឃ្លាំង ហួត លោកស្រី ផែថងថាន បានបញ្ជាក់ថា អ្វីដែលមេភូមិភាគ២ថៃ បាននិយាយ គឺដើម្បីតែលើកខ្លួនប៉ុណ្ណោះ ហើយទង្វើនេះ ពិតជាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីថៃ សុំការអាណិតពីសម្តេច ហ៊ុន សែន ដោយសារតែខ្លួនមិនចង់រងសម្ពាធពីប្រជាជនថៃ។

«បើចង់បានអ្វីមានប្រសាសន៍មក កូននឹងធ្វើការងារបន្ទាន់ជូនពុកតែម្តង»។ នេះជាសំដីដែលរបស់នាយករដ្ឋមន្ត្រីថៃ ដែលលោក ឃ្លាំង ហួត បកប្រែជូនសម្តេច ហ៊ុន សែន។ ប្រធានគណបក្សកាន់អំណាចកម្ពុជា បញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាននោះ គឺច្រកព្រំដែនទាំងអស់ ត្រូវបើកឡើងវិញជាប្រក្រតី។

សម្តេចបញ្ជាក់ថា កម្ពុជារង់ចាំដើរតាមក្រោយ ដោយមិនអាចធ្វើមុនបានឡើយ ព្រោះកម្ពុជាបានខកចិត្តម្តងហើយ រឿងសម្រួលកម្លាំងទ័ពនៅតំបន់មុំបី ដោយក្រោយការចរចា យោធាថៃនៅតែផ្គើន ហើយបន្តសកម្មភាពបិទច្រកព្រំដែនដដែល។ «កម្ពុជាស្នើថៃបើកច្រកមុន ហើយយ៉ាងយូរបំផុត៥ម៉ោង កម្ពុជានឹងដកបទបញ្ជាហាមឃាត់ទំនិញផ្លែឈើ បន្លែចេញវិញ»។

លោកស្រី ផែថងថាន បានលើកឡើងពីសំណើរឱ្យមានការចរចា ដូចជារវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយកងទ័ពជើងគោកថៃ និងសុំសម្តេច ហ៊ុន សែន ឱ្យជួយប្រាប់សម្តេច ហ៊ុន ម៉ាណែត ព្រោះខ្លួនមិនអាចបើកដោយចិត្តខ្លួនឯងនោះឡើយ ខ្លាចរងការស្តីបន្ទោសពីសង្គមថៃ។

ក្នុងកិច្ចសន្ទនានោះ សម្តេច ហ៊ុន សែន បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា គ្មានឡើយការចរចារឿងបើកព្រំដែន សំខាន់ថៃបើកមុន ហើយខាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នឹងសម្រួលតាមក្រោយ។ សម្តេចធានាចំពោះរឿងនេះ។

បើតាមសម្តេច ហ៊ុន សែន កិច្ចសន្ទនាទាំងស្រុង មានរយៈពេលជាង១៧នាទី ហើយសម្តេចសន្យាបញ្ជូនទៅភាគីថៃ បើសិនមានការស្នើសុំ។ ទាក់ទងនឹងសំឡេងសន្ទនានោះ សម្តេចបញ្ជាក់ថា ជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសំឡេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

សម្តេច ហ៊ុន សែន បានអះអាងថា សម្តេចបានផ្ញើសំឡេងសន្ទនានោះ ទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។

សម្តេចគិតថា ការបែកធ្លាយនេះ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។

ដូចគ្នាផងដែរ នាយករដ្ឋមន្រ្តីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ ក៏ប្រកាសទទួលស្គាល់កិច្ចសន្ទនាបែកធ្លាយជាមួយសម្តេច ហ៊ុន សែន ជុំវិញការរិះគន់យោធាថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា៕

អត្ថបទដែលជាប់ទាក់ទង