នារីក្លាហានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្ដហោះទម្ងន់ជិត៤០០គីឡូសល់ពីសម័យសង្គ្រាម
មន្ដ្រីនារីជាកងកម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពចម្ចាត់មីនកម្ពុជា «ស៊ីម៉ាក់» បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ M117 ប្រកបដោយសុវត្ថិភាព នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមលោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើបណ្ដាញសង្គមថា គ្រាប់បែកប្រភេទM117 នេះ មានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង ៤០សង់ទីម៉ែត្រ ដែលអាចទម្លាក់ពីយន្តហោះប្រភេទ B52 មុនអំឡុងឆ្នាំ១៩៧៤។
គ្រាប់បែកនេះត្រូវបានរកឃើញនៅភូមិបាក់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងជម្រៅប្រមាណជាង៤ម៉ែត្រ។ ទីតាំងនេះបានរកឃើញសរុបចំនួន១១គ្រាប់។
លោក រតនា បានបញ្ជាក់ថា៖ «ដោយទទួលបានការអនុញ្ញាតិពីសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលអង្គភាពស៊ីម៉ាក់ បាននិងកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាលើទីតាំងប្រមាណជាង២៣ម៉ឺនទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស និងរៀបចំប្រពន្ធ័ទិន្នន័យជាតិ AI សម្រាប់គ្រប់គ្រង និងដោះស្រាយវិបត្តិគ្រាប់បែកសំណល់សង្គ្រាមធានាសុខសុវត្ថិភាពប្រជាជនកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។