អតីតប្រធានាធិបតីរុស្ស៊ីលួងលោក Trump ថា ទីក្រុងមូស្គូមិនផ្ដល់អាវុធនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់ឡើយd

បរទេស៖ លោក Dmitry Medvedev នាយករដ្ឋមន្ត្រី នៃប្រទេសរុស្ស៊ី បានផ្ញើសារ លួងចិត្តលោក Donald Trump វិញ ថា រដ្ឋាភិបាលវិមានក្រឹមឡាំង នឹងមិនផ្តល់អាវុធនុយក្លេអ៊ែរ ជួយអ៊ីរ៉ង់ ដែលកំពុងធ្វើសង្គ្រាម ជាមួយអ៊ីស្រាអែល និងអាមេរិកនោះទេ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo នៅថ្ងៃអង្គារ ទី២៤ ខែមិថុនានេះ។

ការលើកឡើងនេះ បានធ្វើឡើង នៅក្រោយមួយថ្ងៃ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី Medvedev ហើយក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី រូបនេះ ទើបបានអះអាង កាលពីថ្ងៃអាទិត្យថា មានប្រទេសមួយចំនួន កំពុងត្រៀមបញ្ជូនគ្រាប់ក្បាលនុយក្លេអ៊ែរ ឲ្យទៅអ៊ីរ៉ង់ ហើយថែមទាំងបានរិះគន់ខ្លាំង លើការទម្លាប់គ្រាប់បែករបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយអះអាងថា លោក Trump កំពុងទាញទម្លាក់ពិភពលោក ចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ។

ប៉ុន្តែ ក្រោយមក លោក Trump បានប្រតិកម្មនឹងពាក្យសម្តីនេះ ដោយព្រមាន ទៅលោក Medvedev វិញថា កុំឲ្យចេះតែប្រើពាក្យ «នុយក្លេអ៊ែរ» ផ្តេសផ្តាស។ លោក ប្រធានាធិបតី វ័យ ៧៨ឆ្នាំ រូបនេះ ថែមទាំងព្រលយពាក្យថា អាមេរិកមាននាវាមុជទឹកនុយក្លេអ៊ែរ ដ៏មានឥទ្ធិពល និងដ៍សាហាវបំផុត គ្មានគូប្រៀប។ លោក Trump បានបន្ថែម ដោយសង្កត់ធ្ងន់ វាយបកទៅលោក Medvedev ដែលធ្លាប់ធ្វើជាប្រធានាធីបតីរុស្ស៊ី ផងដែរ ថា នេះហើយគឺជាមូលហេតុដែល លោក Putin នៅតែជាមេដឹកនាំកំពូល របស់រុស្ស៊ី។

ការណ៍នេះ នាំឲ្យ លោក Medvedev ហាក់បានបន្ធូរបន្ថយសង្គ្រាមពាក្យសម្តី នេះវិញ។ បុរសវ័យ ៥៩ឆ្នាំរូបនេះ បានបញ្ជាក់ នៅលើបណ្តាញសង្គម X ដោយរំលេចពីការព្រួយបារម្ភរបស់លោក Donald Trump នៅថ្ងៃចន្ទនេះ ថា «រុស្ស៊ីមិនមានចេតនាផ្គត់ផ្គង់ អាវុធនុយក្លេអ៊ែរ ដល់អ៊ីរ៉ង់ ទេ ពីព្រោះយើងជាភាគីនៃសន្ធិសញ្ញា មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលខុសពី អ៊ីស្រាអែល»។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការបង្ហោះនេះ លោក Medvedev អះអាងថា លោកនៅតែរក្សាការថ្កោលទោស លើការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ីរ៉ង់ ហើយថែមទាំងនិយាយថា ជាការវាយប្រហារ «បរាជ័យ» ដែលលោកចង់សំដៅថា អ៊ីរ៉ង់នៅតែបន្តកម្មវិធីនុយក្លេអ៊ែរ ដោយអះអាងថា គ្រាប់បែក B-2 Spirit របស់អាមេរិក មិនបានប៉ះពាល់ខ្លាំង ដល់រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នោះឡើយ៕

ប្រភពពី Yahoo

អត្ថបទដែលជាប់ទាក់ទង