ផ្លែល្ពៅជាង៤០០តោនហើយ ត្រូវបានផ្សារទំនើបធំៗ ជួយទិញពីកសិករក្នុងខេត្តព្រះវិហារ

ព្រះវិហារៈ យ៉ាងហោចណាស់ល្ពៅជាង៤០០តោនហើយ ត្រូវបានក្រុមហ៊ុនឯកជន និងមន្រ្តីអាជ្ញាធរជួយទិញពីប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បន្ទាប់ពីមានការផ្អាកនាំចូលបន្លែ និងផលិតផលផ្សេងៗពីប្រទេសថៃ ក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាងប្រទេសទាំង២។

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មន្រ្តីកសិកម្មឃុំ ប្រចាំស្រុកសង្គមថ្មី និងស្រុកគូលែន​ មន្រ្តីមូលដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារបានជួយសម្របសម្រួលទីផ្សារល្ពៅជូនកសិករនៅក្នុងឃុំរអាង និងឃុំភ្នំត្បែងមួយ ក្នុងស្រុកសង្គមថ្មី។ បើគិតមកដល់ថ្ងៃ អង្គារ ទី២៤ ខែមិថុនានេះ ល្ពៅសរុបចំនួន ៣៣៨ តោនហើយត្រូវបានលក់ជូនផ្សារទំនើបៗរបស់ក្រុមហ៊ុនឯកជនជាច្រើន និងជូនស្ថាប័នរដ្ឋជាដើម។

ផ្សារដែលបានជួយទិញក្នុងបរិមាណច្រើនមានដូចជា ផ្សារជីបម៉ុងចំនួន ១៤៦តោន, ក្រុមហ៊ុន E-Gets ចំនួន ៥២តោន, ផ្សារអ៊ីនអនចំនួន ៤៦តោន, ផ្សារម៉ាក្រូចំនួន ២៨តោន, សហគមន៍មូលនិធិសម្តេចតេជោ ចំនួន ២០តោន និងក្រុមហ៊ុនវិរៈប៊ុនថាំងចំនួន ១៥តោន ជាដើម។

មន្រ្តីកសិកម្មឃុំ ប្រចាំឃុំរអាង លោកអែម ធារ៉ាបានឱ្យដឹងថា បើគិតដល់ត្រឹមថ្ងៃពុធ ទី២៥ ខែមិថុនានេះ ល្ពៅប្រជាពលរដ្ឋប្រមាណជាង៤០០តោនហើយត្រូវបានក្រុមការងារជួយសម្របសម្រួលលក់ចេញ។

លោកបញ្ជាក់ថា៖«មានក្រុមហ៊ុន ផ្សារទំនើបៗ និងលោកឧកញ៉ាៗជាដើមនៅតែជួយទិញជាបន្តបន្ទាប់ ដើម្បីយកទៅលក់បន្ត ឬធ្វើសប្បុរសធម៌ជាដើម។ គោលបំណងយើង គឺដើម្បីជួយកសិករ។ យើងទិញពីកសិករក្នុងតម្លៃមួយសមរម្យ ដែលធ្វើម៉េចឱ្យពួកគាត់សប្បាយចិត្ត»។

ទោះកំពុងតែមមាញឹកក្នុងការជួយសម្របសម្រួលក្នុងការទិញលក់ល្ពៅយ៉ាងណាក៏ដោយ ក៏លោកធារ៉ាបានឱ្យដឹងថា តម្លៃល្ពៅ ដែលទិញពីកសិករ គឺមានតម្លៃចន្លោះពី២០០​ ទៅ៣០០រៀលក្នុង១គីឡូក្រាម។ លោកបានបន្តថា នាពេលបច្ចុប្បន្ននេះ យ៉ាងហោចណាស់ ក៏នៅសល់ល្ពៅជាង២ពាន់តោនទៀតផងដែរ កំពុងតែត្រូវការរកទីផ្សារលក់ចេញ។

លោកឧកញ៉ាស្រី ចាន់ថន ក៏បានជួយទិញល្ពៅពីកសិករជាង៣០តោនផងដែរ។ លោកបានប្រកាសចែកជូនល្ពៅទាំងនោះដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

លោកឧកញ៉ាបានសរសេរលើបណ្តាញសង្គមរបស់លោកថា៖«នៅពេលនេះផ្លែល្ពៅធម្មជាតិចំនួន៤តោនរបស់បងប្អូននៅខេត្តព្រះវិហារបានមកដល់សួនកម្សាន្ត9NGហើយ។ សម្រាប់បងប្អូនដែលធ្វើដំណើរកម្សាន្តមកសួនកម្សាន្តយើងនិងចែកជូនបងប្អូនដោយមិនគិតថ្លៃនោះទេ ហើយនៅមានផ្លែល្ពៅចំនួន ៣០តោនទៀត ដែលនឹងមកដល់ជាបន្តបន្ទាប់។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលលិតផលខ្មែរ»។

ក្នុងពិធី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានអំពាវនាវដល់សាធារណជន ឱ្យជួយគាំទ្រផលិតផលក្នុងស្រុក ដែលរួមទាំងដំណាំកសិកម្ម ដូចជាល្ពៅជាដើម។ ប៉ុន្តែក៏កុំឆ្លៀតយកឱកាសនេះ ដំឡើងថ្លៃទំនិញក្នុងស្រុកហើយត្រូវចូលរួមជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់កម្ពុជា។

ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ថា៖«នៅក្នុងមួយរយៈនេះ ឃើញមានចលនាគាំទ្រផលិតផលខ្មែរ។ ឃើញគេបង្ហោះ[ផ្សារ]ជីបម៉ុងទិញល្ពៅពីបងប្អូនរបស់យើង…មានការគាំទ្រ ទិញអនឡាញផង ទិញអីផង។ នេះហើយគឺស្មារតីខ្មែរ ជួយខ្មែរក្នុងគ្រាលំបាក»។

ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏អំពាវនាវឱ្យពលរដ្ឋខ្មែរ ឬអ្នកដែលមានលទ្ធភាព ជួយប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ ដើម្បីយកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើមផងដែរ។

កម្ពុជាបានបិទលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃ ដែលជាការឆ្លើយតបទៅនឹងប្រទេសថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី បន្ទាប់ពីមានការផ្ទុះអាវុធ នៅតំបន់មុំបីកាលពីថ្ងៃទី២៨ ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង