សម្ដេចធិបតី៖ ភាពមិនច្បាស់លាស់ និងប្រែក្រឡាស់ភ្លាមៗ​របស់ថៃ​បង្ក​ជា​ឧបសគ្គ​ដល់​ស្វែង​រក​ដំណោះ​ស្រាយ​ពិតប្រាកដ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរ​តាម​រយៈ​បណ្ដាញ​សង្គម​នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ភាពមិនច្បាស់លាស់ និ​ង​ប្រែ​ក្រឡាស់​ភ្លាមៗ​របស់​ថៃ​បង្កជាឧបសគ្គដល់ស្វែងរកដំណោះស្រាយពិតប្រាកដជាមួយកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ភាពមិនច្បាស់លាស់ និង​ការ​ប្រែក្រឡាស់​ភ្លាមៗ​មិន​ពិត​ប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាព​មិនស៊ី​សង្វាក់​គ្នា​រវាង​គោល​ការណ៍​ដែល​ថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់​ស្ដែង​នៅ​លើ​ដី​ដោយ​កង​ទ័ព​ថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។

សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និង​ជំហរ​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយ​គ្នា​ប្រកប​ដោយ​ភាព​ជឿ​ជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីធ្លាប់បានបញ្ជាក់រួចហើយថា កម្ពុជា​នៅ​តែ​បន្ត​គោល​ការណ៍​ស្មារតី​សាមគ្គី​ភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប៉ុន្តែឈរលើមូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក ស្មើភាពគ្នា គោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក។ នេះគឺជាមូលដ្ឋាន​នៃ​ទំនាក់​ទំនង​របស់កម្ពុជាជាមួយនឹងមិត្តជិតខាង និងបណ្តាប្រទេសដទៃទៀត។

សម្ដេច​ធិបតីបានបញ្ជាក់ម្ដងហើយម្ដងទៀតចំពោះយន្តការដោះស្រាយបញ្ហាព្រំដែន រាជ​រដ្ឋាភិបាល​​ប្រើ​ប្រាស់អភិក្រម ចំនួនបី៖ ១. យន្តការបច្ចេកទេសទ្វេភាគី (JBC)៖ ជា​ដំណោះ​ស្រាយ​ចម្បងដំបូងគេបង្អស់ តាមរយៈគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ។ ២. យន្តការ​ច្បាប់៖ ការប្រើប្រាស់ច្បាប់ដើម្បីគាំទ្រដល់ការដោះស្រាយតាមយន្តការបច្ចេកទេស។ នៅពេល​ដែល​យន្តការបច្ចេកទេសទ្វេភាគីមិនអាចដោះស្រាយបាន ដូចជា នៅតំបន់ប្រាសាទតាមាន់ធំ តា​មាន់​តូច តាក្របី និងមុំបី យើងនឹងប្រើប្រាស់យន្តការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ និង៣. ក្នុងករណីដែលកំពុងដោះស្រាយ និងមានការឈ្លានពាន កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេចដើម្បីឆ្លើយតប និងការពារបូរណភាពទឹកដី៕

អត្ថបទដែលជាប់ទាក់ទង